(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បានប្រកាសថា ខ្លួននឹងស្នើថវិកាប្រមាណ៥ពាន់លានដុល្លារ ពីធនគារហេដ្ឋារចនាសម្ព័ន្ធអាស៉ី ដើម្បីទ្រទ្រង់សន្ដិសុខស្បៀង គ្រាដែលពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារការរាតត្បាតជំងឺ COVID-19។
លោក លី ខឺឈាង បានបញ្ជាក់ទៀតថា ជំងឺឆ្លង COVID-19 មិនស្គាល់ព្រំដែនរវាងប្រទេស និងប្រទេសនោះទេ ហើយពិភពលោកក៏មិនទាន់ដឹងច្បាស់អំពីជំងឺនេះផងដែរ ប៉ុន្ដែគេជឿជាក់ថា មនុស្សនឹងអាចយកឈ្នះជំងឺដ៏កាចសាហាវនេះ ដែលត្រូវឲ្យពិភពលោករួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19។
លោកនាយករដ្ឋមន្ដ្រីចិន បានថ្លែងយ៉ងដូច្នេះថា «ចិនស្វាគមន៍សំណើធនាគារហេដ្ឋារចនាសម្ព័ន្ធអាស៉ី ដែលថវិកាចំនួន៥ពាន់លានដុល្លារ ដែលយើងត្រូវធ្វើជាមួយឃ្លាំងស្ដុកស្រូវ។ វីរុសនេះមិនទទួលស្គាល់ព្រំដែននោះទេ ហើយយើងនៅតែមិនដឹងរឿងច្រើនណាស់ ចំពោះវីរុសនេះ ប៉ុន្ដែយើងជឿជាក់ថា មនុស្សនឹងឈ្នះ ហើយយើងជឿជាក់ថា យើងមានសមត្ថភាព»។
បើតាមការលើកឡើងរបស់លោក លី ខឺឈាង នៅអំឡុងពេលជំងឺ COVID-19 ក្នុងប្រទេសចិន ចិនទទួលបានការគាំទ្រពីប្រទេសអាស៊ាន។ លោកបន្ថែមថា ប្រទេសចិននឹងមិនបំភ្លេចនោះឡើយ នូវការជួយរបស់មិត្តភ័ក្រផ្សេងៗ នៅក្នុងពេលប្រទេសមួយនេះកំពុងជួបនូវការលំបាក ខណៈចិនកំពុងតែប្រឈមនូវការទប់ស្កាត់ការផ្ទុះឡើងវិញផងដែរ។
ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺនេះ ក៏អាចឈានទៅរកវិបត្តិសេដ្ឋកិច្ចសកលផងដែរ ដែលទាំងអស់នេះទាមទារឲ្យមានកិច្ចសហប្រតិបត្ដិការ ក្នុងពិភពលោក ហើយអ្វីដែលសំខាន់ទៀតនោះ គឺប្រទេសអាស៊ាន បូកបី ត្រូវធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។ នេះជាអ្វីដែលលោកនាយករដ្ឋមន្ដ្រីចិនបានគូសបញ្ជាក់។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីចិន ក៏បានអះអាងថា ខ្លួននឹងជួយដល់បណ្ដាប្រទេសទាំង១០ក្នុងអាស៊ាន ដើម្បីចូលរួមធ្វើយ៉ាងណាការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ហើយចិនក៏បង្កើនកិច្ចសហប្រតិបត្តិការជាមួយ អង្គការ WHO ដើម្បីប្រឆាំងជំងឺរាតត្បាតក្នុងកម្រិតពិភពលោកនេះផងដែរ។
សូមជម្រាបថា អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីនាំចូលនៃជំងឺ COVID-19 ចំនួន៨៦ករណី បន្ថែមទៀតនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនសរុបនៃករណីនាំចូល បានកើនដល់១,៤៦៤ករណី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីនាំចូលសរុបទាំង ១,៤៦៤ករណីខាងលើ មានអ្នកជំងឺចំនួន ៥៥៩នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ខណៈ៩០៥នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយក្នុងនោះ ៣៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាមិនមានករណីស្លាប់ណាមួយ ត្រូវបានរាយការណ៍នៅក្នុងចំណោមពួកគេនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៧៣៨នាក់ហើយ ដោយក្នុងនោះ ៧៥នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃចន្ទម្សិលមិញ៕