(ភ្នំពេញ)៖ លោក ម៉ូន ជេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងនាមជាប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានបូក៣ ឆ្នាំ២០២០ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំមួយនេះ ហើយរំពឹងថា ប្រទេសក្នុងតំបន់អាស៊ានបូក៣ នឹងយកឈ្នះជំងឺកូវីដ១៩ ឆាប់ៗខាងមុខនេះផងដែរ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមរយៈ Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ជាមួយនឹងមេដឹកនាំអាស៊ានបូក៣ (ASEAN+ចិន ជប៉ុន និងកូរ៉េខាងត្បូង) លោក ម៉ូន ជេអ៉ីន បានថ្លែងថា អង្គប្រជុំបានពិភាក្សាពីវិធានការសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលចំណុចនេះមានសារៈសំខាន់ណាស់។ លោកចាត់ទុកថា កិច្ចប្រជុំនេះ ក៏ជាឱកាសដ៏ថ្លៃថ្លា ដែលអាស៊ានបូក៣ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និត មិនត្រឹមតែនៅក្នុងតំបន់អាស៊ានបូក៣ទេ ប៉ុន្តែនៅក្នុងសហគមន៍អន្តរជាតិទាំងមូលទៀតផង។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការពិគ្រោះយោបល់ និងការប្តេជ្ញាចិត្តនេះ ខ្ញុំយល់ថាជាការចូលរួមចំណែកនៃការខិតខំសកល ដើម្បីបញ្ចប់វិបត្តិកូវីដ១៩នេះ ហើយក្នុងនាមជាអ្នកសម្របសម្រួល អាស៊ានបូក៣ និងជាប្រធានកិច្ចប្រជុំសាមគ្គីភាពអាស៉ីបូព៌ា ខ្ញុំគិតថា កូរ៉េ ជប៉ុន ចិន នឹងផ្តល់បទពិសោធន៍យ៉ាងមានតម្លៃ នៅក្នុងពេលដែលអាចចែករំលែកយ៉ាងសកម្ម ក្នុងប្រទេសអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និត។ ខ្ញុំរំពឹងថា តំបន់នេះ ប្រទេសនីមួយៗនឹងឈ្នះពីកូវី១៩ ឲ្យបានឆាប់ ដើម្បីយើងបានត្រឡប់ទៅជីវិតធម្មតាវិញ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់ ៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)។
បើគិតត្រឹមរសៀលម៉ោង៤ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៩៣៤,១២៥ករណី ក្នុងនោះស្លាប់ ១២០,៤៣៧នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យ ពីគេហទំព័រ worldometer ។
សម្រាប់ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោម ៣០នាក់ពីរថ្ងៃជាប់ៗគ្នាមកហើយ បើតាមតួលេខដែលត្រូវបានបញ្ចេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ប៉ុន្តែអាជ្ញាធរសុខាភិបាល នៅតែបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះករណីនាំចូលជំងឺនេះពីបរទេស និងការឆ្លងជាចង្កោមៗ ដែលនៅតែកើតមានជាប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់គ្រប់គ្រង និងការបង្ការជំងឺឆ្លង (KCDC) ពេញមួយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងកូវីដ១៩ មានចំនួន ២៧នាក់ បើធៀបទៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មាន ២៥នាក់ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១០,៥៦៤នាក់។ មិនតែប៉ុណ្ណោះសម្រាប់ករណីឆ្លង ដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះ គឺជាតួលេខនៅក្រោម ៣០នាក់ពីរថ្ងៃជាប់ៗគ្នា និងជាអត្រាទាបបំផុតចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈមក ដែលជាពេលកូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 ក្នុងមួយថ្ងៃដល់ទៅ ៩០៩នាក់។
គិតត្រឹមល្ងាចម៉ោង៦ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅកូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ១៩ សរុប១០,៥៦៤នាក់ ចំណែកឯអ្នកស្លាប់វិញក៏បានកើនដល់ ២២២នាក់ផងដែរ ហើយអ្នកជំងឺ ៧,៥៣៤នាក់ បានជាសះស្បើយឡើងវិញទាំងស្រុង នេះបើយោងតាមទិន្នន័យ ពីគេហទំព័រ worldometer៕