(ពោធិ៍សាត់)៖ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ជាថ្ងៃទី២ នៃពិធីចូលឆ្នាំប្រពៃណីជាតិ តែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាបុគ្គលិក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមក្រុមហ៊ុននានាក្នុងខេត្តពោធិ៍សាត់ បានបន្តធ្វើការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានទទួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋបានជាច្រើនករណីផ្សេងគ្នា និងបានបន្តទទួលថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធ ប្រឆាំងទប់ទល់ជំងឺកូវីដ១៩។
លោក ម៉ៅ ធនិន បានថ្លែងថា ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនចង់ឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារ ជាដាច់ខាតនោះ, ក្រុមការងារថ្នាក់ខេត្ត និងតាមបណ្តាស្រុក ក្រុង ក្នុងខេត្ត បានធ្វើសកម្មភាពចុះចែកអង្ករ ចែកគ្រាប់ពូជបន្លែកសិកម្ម និងចែកក្រមា ឬម៉ាសជាបន្តបន្ទាប់ តាមខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។
លោកបានបន្តថា សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានត្រៀមអង្ករជិត ១៣០តោន រួមទាំងសម្ភារមួយចំនួនធំ ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំង ទប់ទល់ជំងឺកូវីដ១៩ (Covid-19)នេះផងដែរ។ ទន្ទឹមនឹងនោះ អង្ករ និងសម្ភារមួយចំនួនធំ បានបញ្ចេញចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត បានជាច្រើនពាន់គ្រួសាររួចមកហើយ ក្នុងគោលបំណងជួយដោះស្រាយជីវភាពរបស់ពួកគាត់ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺនេះ។
នៅចំពោះមុខប្រជាពលរដ្ឋ និងសប្បុរសជនលោក ម៉ៅ ធនិន បានជម្រាបជូនផងដែរថា បច្ចុប្បន្នពលករដែលវិលត្រលប់ពីក្រៅប្រទេសគិតចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានចំនួន ២,២៧០នាក់ ក្នុងនោះស្រី ១,០១៧នាក់ ដែរពួកគេត្រូវបានតាមដាន និងពិនិត្យសុខភាព នៅមណ្ឌលសុខភាពមូលដ្ឋាន រៀងៗខ្លួន។
ចំពោះពលករដែលទើបមកពីប្រទេសថៃ គិតមកដល់ពេលនេះ មានចំនួន៧០នាក់ ស្រី២៩នាក់ ហើយត្រូវបានក្រុមការងាររៀបចំចាំទទួល និងដឹកជញ្ជូន ពួកគេតាម រថយន្ត យោធា មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងមានក្រុមគ្រូពេទ្យប្រចាំការ ត្រួតពិនិត្យសុខភាព កន្លែងស្នាក់នៅ មានទឹក មានភ្លើង និងស្បៀងអាហារគ្រប់គ្រាន់។ ក្នុងចំណោមពួកគេទាំងនោះ មានជនសង្ស័យ ចំនួន១០នាក់ ស្រី០៦នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ តែលទ្ធផលអវិជ្ជមានទាំងអស់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដនៅឡើយទេ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយ ដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយ កើនឡើងរហូតដល់៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៣១នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕