(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលពិភពលោកកំពុងតែជួបវិបត្តិនៃការរាតត្បាត ដោយសារវីរុស COVID-19 ប្រទេសជប៉ុននឹងធ្វើការជាមួយ ប្រទេសអាស៊ានទាំងអស់ ហើយជប៉ុននឹងផ្តល់ការគាំទ្រលើវិស័យស្តុម្ភចំនួន៣ធំៗ ជាមួយប្រទេសសមាជិកអាស៊ាន។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ (ASEAN+ចិន ជប៉ុន និងកូរ៉េខាងត្បូង) តាមរយៈ Video Conference នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលជជែកផ្តោតសំខាន់លើបញ្ហាកូវីដ១៩ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងការឆ្លង កូរ៉ូណាវីរុសនេះ ជប៉ុននឹងធ្វើការជាមួយមិត្តអាស៊ានទាំងអស់ ហើយជប៉ុននឹងផ្តល់ការគាំទ្រ ដល់វិស័យស្តុម្ភចំនួនបី» ។
លោក អាបេ ស៊ីនហ្សូ បានឱ្យដឹងថា វិស័យស្តុម្ភទាំងនោះរួមមាន៖
*ទី១៖ ពង្រឹងអាស៊ានឆ្លើយតបនឹងជំងឺនេះ (COVID-19) ជាផ្នែកឆ្លើយតបដោយផ្តោតទៅលើប្រទេសនៅក្នុងអាស៊ាន យើងសម្រេចផ្តល់មូលនិធិ WHO, យូនីសែស្ស, ADB ហើយនឹងផ្តល់ជំនួយ បច្ចេកទេសផ្នែកសុខាភិបាល ផ្គត់ផ្គង់សម្ភារបរិក្ខាពេទ្យ និងផ្តល់សម្ភារផ្សេងទៀត ក្នុងក្របខណ្ឌទ្វេរភាគី ដែលចូលរួមចំណែកពង្រឹងផ្នែកសុខាភិបាល»។
*ទី២៖ គាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការគ្រប់ជំងឺឆ្លង យើងនឹងមានការសិក្សាដោយបង្កើតឱ្យបានឆាប់នូវមជ្ឈមណ្ឌល និងផ្តល់សម្ភារបរិក្ខា បច្ចេកវិទ្យាយើងសហការជាមួយ អាស៊ាន ដើម្បីជំរុញឱ្យបានលឿន នូវជំនាញ ព្រមទាំងបញ្ជៀសនូវការឆ្លងរាតត្បាត នៃជំងឺឆ្លងនាពេលអនាគត យើងនឹងបង្កើនការយល់ដឹងឱ្យបានខ្ពស់បំផុត ជាមួយប្រទេសអាស៊ាន»។
*ទី៣៖ កែលម្អភាពរឹងមាំរបស់សេដ្ឋកិច្ចអាស៊ាន ដើម្បីកសាងសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយឱ្យអង្គការ JICA ឱ្យមានប្រាក់កម្ចីយេន នឹងផ្តល់ការគាំទ្រនៅក្នុងធុរកិច្ចជប៉ុន ឈានរក្សាបាននូវ ការជំរុញការវិនិយោគ ក៏ដូចជាពង្រឹងដល់អង្គការ JICA នូវប្រាក់កម្ចីបន្ថែមពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយដល់វិស័យ FME ព្រមទាំងសហគ្រិនស្ត្រី និងជួយដល់ជនងាយរងគ្រោះនៅ ក្នុងសេដ្ឋកិច្ច។
លោក អាបេ ស៊ីនហ្សូ បានបន្តថា «ក្នុងន័យនេះយើងរួមគ្នាកសាងសេដ្ឋកិច្ចនៅក្នុងតំបន់ ប្រឆាំងនឹងការគំរាមកំហែងនៃជំងឺឆ្លង។ ជាមួយគ្នានេះដែរ ជប៉ុន បានសហការជាមួយប្រទេសអាស៊ានបូក៣ ដើម្បីស្រាវជ្រាវផ្នែកសុខាភិបាល រកវាក់សាំងជាដើម។ បន្ថែមពីនេះ ប្រទេសជប៉ុន បានចូលរួមចំណែកដ៏សំខាន់ជាមួយអន្តរជាតិ ដោយថ្មីនេះ បានសម្រេចចូលរួមបន្ថែមស្រាវជ្រាវទាំងផ្នែករដ្ឋ និងវិស័យឯកជន ដោយជំរុញសហការជាមួយអង្គការសុខភាពពិភពលោក WHO និងវិស័យឯកជន ដោយបានផ្តួចផ្តើមពង្រឹងសុខមាលភាពនៅក្នុងតំបន់ជាដើម»។
លោក អាបេ ស៊ីនហ្សូ ក៏បានអំពាវនាវដល់ប្រទេស G7 អំពីទីផ្សារសកល ដើម្បីដោះស្រាយបញ្ហានៅទ្រឹងផ្នែកសេដ្ឋកិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថ្មីៗនេះ លោកបានដាក់ចេញកញ្ចប់ថវិកាចំនួន ១០៨ទ្រីលានយេន ហើយធុរកិច្ចជប៉ុន បានបង្កើតការងារជាង ២លាននាក់ នៅក្នុងតំបន់អាស៊ាន ហើយបច្ចុប្បន្ននេះ ជប៉ុន បានធ្វើការយ៉ាងជិតស្និតជាមួយ បណ្តាប្រទេសអាស៊ាន ដើម្បីរក្សាសកម្មភាពសេដ្ឋកិច្ច ដោយបន្ថែមលើគំនិតផ្តួចផ្តើមឈៀងម៉ៃ ដោយបានដាក់កិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន និងជប៉ុន៕