(ភ្នំពេញ)៖ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងទទួលនូវការទន្ទ្រាន និងរាតត្បាតជាលក្ខណៈសកលនូវមេរោគ ដ៏កាចសាហាវកូវីដ-១៩ (Covid-19) ការប្រើប្រាស់ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត គឺជាវិធានការមួយក្នុងចំណោមវិធានការដ៏ចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លង និងរាតត្បាតនៃមេរោគកូវីដ-១៩ (Covid-19) នេះ។
តាមការអង្កេត និងពិនិត្យនៅលើទីផ្សារបច្ចុប្បន្ន ឃើញថា មានការផ្សព្វផ្សាយលក់ និងកំពុងចរាចរលក់ផលិតផលអាល់កុល ក៏ដូចផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត សម្រាប់ការពារ និងទប់ស្កាត់ នូវការឆ្លងមេរោគកូវីដ-១៩ (Covid-1 9) ដោយពុំមានការត្រួតពិនិត្យ គុណភាព និងគ្មានការ ចុះបញ្ជីផលិតផល ច្បាស់លាស់ទៀតផង។
ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានធ្វើតេស្ត លើផលិតផលមួយចំនួន (ពុំមានបញ្ជាក់លក្ខណៈគុណភាព និងការចុះបញ្ជីផលិតផល ត្រឹមត្រូវ) ដែលកំពុង ចរាចរនៅលើទីផ្សារនោះ ជាលទ្ធផលបង្ហាញឱ្យឃើញថា ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងដៃមួយចំនួន មានបរិមាណអេតាណុល (អាល់កុល)ក្នុងកម្រិតមួយ ដែលមិនអាចសម្លាប់មេរោគបានឡើយ ហើយផលិតផលមួយចំនួនទៀត មានបរិមាណមេតាណុល ក្នុងកម្រិតមួយដែលអាច បង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពទៀតផង។
ដើម្បីចៀសវាងនូវការបង់ខាតថវិកា និងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូន ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាត ត្បាតនៃជំងឺដ៏កាចសាហាវ កូវីដ១៩ (Covid-19) ដែលកំពុងរីករាលដាលនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ និងពិនិត្យ ឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញនូវផលិតផល ដូចបានជម្រាបជូនខាងលើយកទៅប្រើប្រាស់។
ក្រសួងសូមធ្វើការរំលឹក និងណែនាំបន្ថែមទៀតថា ផលិតផលកំពុងចរាចរមួយចំនួនដែលមិនមានគុណភាពគ្រប់គ្រាន់ និងមិនមានសុវត្ថិភាពក្នុងការ ប្រើប្រាស់ គឺមានបង្ហាញនៅក្នុងរូបភាពភ្ជាប់មកជាមួយ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំខាងលើ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕