(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ តាមប្រព័ន្ធវីដេអូអនឡាញ នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនៈចំនួន៥ចំណុច ដល់បណ្តាមេដឹកនាំអាស៊ានបូកបី ដើម្បីរួមគ្នាទប់ស្កាត់ការការរីករាលដាលនៃមេរោគកូវីដ១៩ និងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយមេរោគនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវដ-១៩ បាន និងកំពុងបង្កើនឱ្យមានការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង តំបន់ និងសកលលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួម (Common Challenge) របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗ កំពុងប្រឈមនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។
សម្តេចបានបន្តថា ក្នុងបរិការណ៍នេះ, យើងចាំបាច់ត្រូវមានការឆ្លើយតបឱ្យទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានបូកបី ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដោះស្រាយមួយ ដែលមានបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ, ក្របខណ្ឌអាស៊ានបូកបី គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដែលអនុញ្ញាតឱ្យ យើងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនេះ។ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖
ទី១៖ ការចែករំលែកបទពិសោធន៍ គឺជាគន្លឹះក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ អាស៊ានត្រូវដកស្រង់បទពិសោធ ពីភាពជោគជ័យ និង ឧត្តមានុវត្តន៍របស់ប្រទេសបូកបី ជាពិសេសចិន និងសាធារណរដ្ឋកូរ៉េ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជារួម លើការរីករាលដាល នៃជំងឺនេះ បានប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ, កម្ពុជាសូមស្នើឱ្យមានការពង្រឹងកិច្ចសហ ប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌអាស៊ានបូក ដើម្បីចែករំលែកបទពិសោធ សំដៅធានានូវសុខុមាលភាពជូនប្រជាជនយើងក្នុងតំបន់ទាំងមូល។ ទន្ទឹម នេះដែរ យើងគួរពិនិត្យលទ្ធភាពប្រើប្រាស់នូវមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលមានស្រាប់ ហើយកំពុងប្រើប្រាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដែលក្នុងនោះមានវិស័យសុខាភិបាល យកមកទ្រទ្រង់កិច្ចប្រឹងប្រែងរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩។
ទី២៖ សុវត្ថិភាពអាយុជីវិតជាចម្បង: យើងត្រូវបង្កើតយន្តការរួមមួយ ដើម្បីលើកកម្ពស់ការចែករំលែកបច្ចេកទេស, បទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ សំដៅការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន ជាពិសេសសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះថ្នាក់នឹងជំងឺនេះ ដូចជា ក្រុមមនុស្សវ័យចាស់ និងក្រុមគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹងជំងឺនេះផ្ទាល់។ ទន្ទឹមនេះ យើងក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ រវាងមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលពាក់ព័ន្ធ ដើម្បីបង្កើនល្បឿននៃការទប់ស្កាត់ និងការព្យាបាលជំងឺឆ្លងនេះ។ ម្យ៉ាងទៀត ប្រទេសបូកបីគួរពង្រីកសមត្ថភាពផលិតកម្មសម្ភារៈបរិក្ខារពេទ្យចាំបាច់ និង សម្រួលការ ផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបី។
ទី៣៖ កាត់បន្ថយហានិភ័យសេដ្ឋកិច្ច: យើងត្រូវលើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យដាក់ចេញនូវវិធានការរួម ដែលអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទៅលើច្រវាក់ផលិតកម្ម សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដោយប្រកាន់យកគោលការណ៍បន្តបើកចំហរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងរក្សាឱ្យបានរលូននូវលំហូរនៃការដឹកជញ្ជូនទំនិញឆ្លងដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ កម្ពុជាសូមស្នើឱ្យយន្តការទាំងឡាយ ក្រោមកិច្ចសហប្រតិបត្តិការអាស៊ានបូកបីដូចជា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី កិច្ចសហប្រតិបត្តិការការងារអាស៊ានបូកបី និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត, រៀបចំការពិភាក្សាគ្នាជាបន្ទាន់ ដើម្បីរកដំណោះស្រាយរួមគ្នា។
ទី៤៖ អាស៊ីបូព៌ាគឺជាតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មខ្ពស់ ដោយសេដ្ឋកិច្ចមានទំហំប្រមាណជាង ២៣,៥ ទ្រីលានដុល្លារអាមេរិក និងប្រជាជនសរុបជាង ២ពាន់លាននាក់ ជាមួយនឹងការបន្តកើនឡើងនូវប្រាក់ចំណូល។ ដូច្នេះ អាស៊ាន និងប្រទេសបូកបី ត្រូវចាប់យកសក្តានុពលនេះ ដើម្បីប្រែក្លាយទៅជាប្រភពកំណើនថ្មីសម្រាប់តំបន់ តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងទៀតឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។ ដោយឡែកការរីករាលដាលនៃជំងឺកូវីដ១៩ ក៏កំពុងបង្ហាញយ៉ាងច្បាស់ថា ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ចតំបន់ យើងត្រូវធ្វើពិពិធកម្មនូវប្រភពកំណើន ដោយផ្លាស់ប្តូរពីការពឹងផ្អែក ទៅលើតម្រូវការពីតំបន់ខាងក្រៅ មកពឹងផ្អែកទៅលើតម្រូវការនៅក្នុងតំបន់យើងវិញ។ ក្នុងន័យនេះ, កម្ពុជាសូមលើកចិត្តដល់បណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំនេះ លើកកម្ពស់សមាហរណកម្ម និង ជំរុញការតភ្ជាប់រវាងក្នុងគ្រប់វិស័យឱ្យបានឆាប់រហ័ស ជាមួយនឹងការយកចិត្តទុកដាក់ពិសេសដល់បណ្ដា ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ច និងបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនយើង។
ទី៥៖ «ពង្រឹងការតភ្ជាប់ផ្នែកឌីជីថល»: ក្នុងបរិការណ៍នៃការអនុវត្តគោលការណ៍ រក្សាចម្ងាយសង្គម ដើម្បីចៀសវាងការឆ្លង ទំនៀមទម្លាប់ និងឥរិយាបទរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនយើង ត្រូវបានផ្លាស់ប្តូរផងដែរ ដូចជារបៀបធ្វើការ ការរៀនសូត្រ ការប្រជុំ។ល។ ហេតុនេះ កម្ពុជា ស្នើសុំប្រទេសបូកបី ពិនិត្យជួយចែករំលែក និងគាំទ្រផ្នែកបច្ចេកវិទ្យាលើវិស័យមួយចំនួន ដូចជា វិស័យរដ្ឋាភិបាលឌីជីថល (E-government), វិស័យធុរៈកិច្ចឌីជីថល (E-business) និងវិស័យប្រព័ន្ធសិក្សាឌីជីថល (E-learning) ដើម្បីធានានូវនិរន្តភាពនៃការអភិវឌ្ឍ, ទាំងក្របខណ្ឌទ្វេភាគី, អនុតំបន់ ក៏ដូចជាពហុភាគី។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់ ៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)។
យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៩២៤,៦៣៥ករណី ក្នុងនោះស្លាប់ ១១៩,៤៨៣នាក់ និងជាសះស្បើយឡើងវិញជិត ៤៤៥,០០០នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី៕