(កំពង់ឆ្នាំង)៖ លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានអះអាងថា គ្រប់រោងចក្រកាត់ដេរទាំង១៥ ក្នុងខេត្តកំពង់ឆ្នាំង គឺគ្មានកម្មករ-កម្មការិនីរោងចក្រណាមួយឈប់សម្រាក ដើម្បីចូលរួមក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ គឺពួកគាត់នៅធ្វើការងារក្នុងរោងចក្រជាធម្មតា ដោយសារតែពួកគាត់បានយល់ដឹងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ពៅ ស៊ីថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា ថា «មកដល់ថ្ងៃទី១៣ ខែមេសានេះ គ្រប់បណ្តារោងចក្រទាំង ១៥ក្នុងខេត្តកំពង់ឆ្នាំង កម្មករកម្មការិនីទាំងអស់ បាននិងកំពុងបន្តធ្វើការងារជាធម្មតា ហើយពួកគេនៅតែបន្តធ្វើការងារដោយគ្មានការឈប់សម្រាក សម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះទេ ខណៈដែលស្ទើរតែគ្រប់ បណ្ដាកម្មករកម្មការិនីភាគច្រើន បានយល់ថា ការនៅធ្វើការនៅក្នុងរោងចក្រ ជាសុវត្ថិភាពមួយសំខាន់ដើម្បីការពារខ្លួនពួកគេពីមេរោគឆ្លងកូវីដ-១៩ ព្រោះនៅក្នុងរោងចក្រល្អជាងការនាំគ្នាទៅលេង ស្រុកកំណើត»។
តំណាងកម្មករកម្មការិនី ៣នាក់ បានឱ្យដឹងថា ពួកគេមិនមិនត្រឹមតែមិនបាននាំគ្នាឈប់សម្រាកនៅថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២០នេះប៉ុណ្ណោះទេ ថែមទាំងបាននាំគ្នាបង្កើនវិធានការ បង្ការ និងទប់ស្កាត់ ការពារខ្លួន ស្របពេលដែលនៅក្នុងរោងចក្របច្ចុប្បន្ន គឺមានដាក់ទឹកអាល់កុល ទឹកសាប៊ូលាងដៃ ម៉ាស៊ីនវាស់កម្ដៅ និងមានពេទ្យប្រចាំការពិនិត្យសុខភាពជាប់ជាប្រចាំ ប្រសិនបើមាននរណាម្នាក់ មានអាការៈគ្រុនក្តៅ ឬផ្ដាសសាយនោះ ខាងរោងចក្រនឹងមិនអនុញ្ញាតឲ្យធ្វើការងារទេ ដែលបញ្ហានេះគឺធ្វើឱ្យនៅក្នុងសហគមន៍រោងចក្ររបស់ពួកគេមានសុវត្ថិភាពគ្រប់គ្រាន់។
ដោយឡែកតំណាងកម្មកករម្មការិនីទាំង ១៥រោងចក្រនៅក្នុងខេត្តកំពង់ឆ្នាំង ក៏បានសំណូមពរដល់បណ្ដាកម្មករកម្មការិនីរោងចក្រទាំងអស់ កុំនាំគ្នាឈប់សម្រាក ចូលឆ្នាំថ្មីប្រពៃណីខ្មែរអី ព្រោះពេលពួកគេធ្វើដំណើរទៅស្រុកកំណើត និងជួបជុំមិត្ត បងប្អូន មិនដឹងថា អ្នកណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នោះទេ ហើយអាចឆ្លងបានភ្លាមៗផងដែរ ដែលជាការចម្លងមកខ្លួនរបស់យើង ផងដល់ក្រុមគ្រួសារផង ក៏ដូចជាឆ្លងមកមិត្តរួមការងារនៅក្នុងរោងចក្ររបស់យើងផងដែរ។
ពួកគេក៏បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ដាថៅកែរោងចក្រ និងរដ្ឋបាលរោងចក្រជាដើម ប្រសិនបើនៅក្រោយចូលឆ្នាំថ្មីនេះ មានកម្មករ កម្មការិនីណាបានទៅលេងស្រុក ហើយតំបន់នោះដែលមានហានិភ័យខ្ពស់ ពេលត្រឡប់មកវិញត្រូវដាក់ចត្តាឡីស័ក កម្មករកម្មការិនីទាំងនោះរយៈពេល ១៤ថ្ងៃសិន បើពុំដូច្នោះទេនឹងពុំធានាបាននូវសុវត្ថិភាព ជូនបងប្អូនកម្មករកម្មការិនីយើងភាគច្រើន ដែលគេគោរពទៅតាមបទបញ្ជារបស់ក្រសួងការងារនោះឡើយ៕