(កំពង់ធំ)៖ ដោយផ្អែកតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម បានដឹកនាំក្រុមការងារ ចុះណែនាំកែលម្អអនាម័យកន្លែងតាំងលក់សាច់ និងផលិតផលសត្វតាមលក្ខណៈបច្ចេកទេសនៅតាមទីផ្សារ និងទីប្រជុំជនដល់អាជីវករផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
លោក តា តាន់ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីកែលម្អអនាម័យ កន្លែងតាំងលក់សាច់ និងផលិតផលនៅទីតាំងផ្សារ ទីប្រជុំជននានា ឱ្យស្របតាមលក្ខណៈបច្ចេកទេស ក្នុងការរក្សាសុវត្ថិភាពចំណីអាហារ និងធានាដល់សុខភាពសាធារណៈ។
លោកបានបន្តថា ក្រុមការងារ និងចុះផ្សព្វផ្សាយគ្រប់ផ្សារ ក្នុងខេត្តកំពង់ធំ ដែលមាន៩ ក្រុង ស្រុក ដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។ ក្នុងពិធីផ្សព្វផ្សាយក្រុមការងារ បានចែកជូននូវស្រោមដៃ និងម៉ាសសម្រាប់ប្រើប្រាស់ ក្នុងការពារជំងឺផងដែរ។
ក្នុងឱកាសនោះដែរលោក តា តាន់ម៉េងឆាង ក៏បានណែនាំដល់បងប្អូនអាជីករនូវចំណុចមួយចំនួនរួមមាន៖
* អាជីវករអ្នកលក់សាច់ និងផលិតផលសត្វ ត្រូវធ្វើការត្រួតពិនិត្យអនាម័យឱ្យបានហ្មត់ចត់លើសាច់ និងផលិតផលសត្វសាច់ និងផលិតផល ត្រូវនាំយកពីប្រភពច្បាស់លាស់មានអូសត្រាបសុពេទ្យ និងវិញ្ញាបនបត្រអនាម័យជាមុននឹងអនុញ្ញាតឱ្យដាក់លក់លើទីផ្សារ ឬទីប្រជុំជននានា។
*អាជីវករត្រូវណែនាំដល់អ្នកទិញមិនត្រូវប៉ះពាល់សាច់ និងផលិតផលសត្វដែលដាក់តាំងលក់ចៀសវាងការឆ្លងជំងឺផ្សេងៗ។
*អាជីវករលក់សាច់ និងផលិតផលសត្វនៅតាមទីប្រជុំជនត្រូវគ្រប ឬរុំប្លាស្ទិកឱ្យបានត្រឹមត្រូវនិងមានអនាម័យ។
*អាជីវករត្រូវកែលម្អទីកន្លែងតាំងលក់សាច់ និងផលិតផលសត្វដោយប្រើកម្រាលកៅស៊ូក្រាស់ ឬបន្ទះដែកមិនច្រេះ ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើអនាម័យសម្អាតជាប្រចាំ។
*កន្លែងតាំងលក់សាច់ និងផលិតផលសត្វត្រូវមានដែកភ្ជួរសាច់ និងផលិតផលសត្វនៅផ្នែកខាងមុខដែលមិនច្រេះ និងងាយស្រួលធ្វើអនាម័យ ទៅលាងសម្អាតជាមួយសាប៊ូ ឬទឹកអូសាវ៉ែល មានសារធាតុជាក្លូររីន ជាប្រចាំនៅមុន និងក្រោយដាក់តាំងលក់សាច់ និងផលិតផលសត្វ ដោយធានាថា ពុំមានកំណកឈាម ឬកម្ទេចកម្ទីសាច់នៅជាប់នឹងទីកន្លែងតាំងលក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗឡើយ។
*មិនត្រូវមានទឹកដក់ និងកាកសំណល់ផ្សេងនៅទីកន្លែងតាំងលក់ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងតាំងលក់សាច់ និងផលិតផលសត្វរៀង រាល់សប្តាហ៍ជាប្រចាំ។
*ត្រូវចៀសវាងការពិឃាតបក្សីរស់នៅ តាមទីផ្សារជាពិសេសកន្លែងតាំងលក់សត្វ និងផលិតផលសត្វ។
*ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការកែលម្អ និងអភិវឌ្ឍសកម្មភាពខាងលើនេះ ឱ្យបានប្រសើរឡើង៕