(ភ្នំពេញ)៖ ម្ចាស់មន្ទីរសម្រាកព្យាបាល «ឈុន ឡាយ» លោកវេបណ្ឌិត ឈុន ឡាយ បានជួលក្រុមគ្រូពេទ្យជំនាញមកបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងគ្លីនិចរបស់លោក ក្រោយមានអ្នកជំងឺ COVID-19 ម្នាក់នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានមកថតសួតនៅក្នុងគ្លីនិករបស់លោក។
ជាមួយគ្នានេះ គ្រូពេទ្យម្នាក់ខាងថតសួត និងបុគ្គលិកពេទ្យ២នាក់ទៀត ដែលបានប៉ះពាល់ជាមួយអ្នកជំងឺនោះ ត្រូវបានខាងក្រសួងសុខាភិបាល ចាត់ឲ្យទុកដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ហើយបានយកសំណាករបស់ពួកគេទាំង៣នាក់ ទៅធ្វើតេស្តចំនួន ២ដង តែមិនមានផ្ទុកវីរុសនេះនៅក្នុងខ្លួននោះឡើយ។ ដោយឡែកមន្ទីរសម្រាកព្យាបាល «ឈុន ឡាយ» ត្រូវបានក្រសួង សុខាភិបាលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត ឈុន ឡាយ បានឱ្យដឹងថា «នៅថ្ងៃនេះ ខ្ញុំបានអញ្ជើញក្រុមហ៊ុនបាញ់សម្លាប់ មេរោគគ្រប់ប្រភេទ ជាពិសេសមេរោគ COVID-19 ហើយការបាញ់សម្លាប់មេរោគនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យសាធារណជនមានការសង្ស័យថា មានមេរោគនៅក្នុងមន្ទីរសម្រាកព្យាបាល សុខភាពរបស់ខ្ញុំជាដើម»។
លោកវេជ្ជបណ្ឌិត ឈុន ឡាយ បានបន្តទៀតថា «សម្រាប់គ្រូពេទ្យដែលថតសួត និងបុគ្គលិកពេទ្យ ២នាក់ទៀត បានប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់កាលពីថ្ងៃនោះ គឺមានលទ្ធលផលតេស្ត COVID-19 អវិជ្ជមានទាំងអស់គ្នា ក្រោយធ្វើតេស្តចំនួន ២ដងមកពីសំណាក់ក្រសួងសុខាភិបាល»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០កន្លងទៅ មានអ្នកជងឺ COVID-19 ម្នាក់ (ប្តី) រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានសុំកន្លែងថតសួតនៅក្នុងមន្ទីរសម្រាក ព្យាបាល «ឈុន ឡាយ»។ លុះដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បុរសរូបនេះ រួមជាមួយប្រពន្ធរបស់គាត់ ត្រូវបានក្រសួងសុខាភិបាលចេញប្រកាសថា មានផ្ទុក COVID-19 ទាំង២នាក់។ ពេលនោះ ក៏មានចែកចាយព័ត៌មានដោយយោងតាមលិខិតមួយរបស់មន្ទីរពេទ្យកាល់ម៉ែត ដោយស្នើសុំឲ្យយកគ្រូពេទ្យម្នាក់នៅក្នុងគ្លីនិច ទុកដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ព្រមទាំងយកសំណាកទៅពិនិត្យ និងធ្វើតេស្ត រក COVID-19 ដែលធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង និងខ្លះទៀតមិនចង់ទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលតទៅទៀត។
តែក្រោយការធ្វើតេស្តទៅលើគ្រូពេទ្យថតសួត និងបុគ្គលិកពេទ្យទាំង ៣នាក់ពេលនេះ បង្ហាញថា មិនមានជំងឺ COVID-19 នោះឡើយ និងមួយទៀតលោកវេជ្ជបណ្ឌិត ឈុន ឡាយ ក៏ជួលគេមក បាញ់សម្លាប់មេរោគនៅក្នុងកន្លែងគ្លីនិចទៀតផង។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ មន្ទីរសម្រាកព្យាបាលរបស់លោកបានបើកដំណើរជាធម្មតា សម្រាប់ពិនិត្យសុខភាព និងព្យាបាលអ្នកជំងឺ៕