(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងពិនិត្យអំពីការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ ដើម្បីគាំទ្រដល់ការប្រឆាំងនឹងជំងឺកូវីដ១៩។
ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំឡើងដោយ ក្រុមអ្នកស្រាវជ្រាវ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) ដែលចំណុះឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
Facebook ផ្លូវការរបស់ក្រសួងប្រៃសណីយ៍ ទើបចុះផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះថា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមអ្នកស្រាវជ្រាវ និងវិទ្យាស្ថានជាតិ NIPTICT ក្នុងគោលបំណងពិនិត្យ និងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទចំនួន២ និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន១ប្រភេទ ដើម្បីជាជំនួយបន្ថែម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ដូចជា៖
១៖ កម្មវិធី OpenTraceKH ប្រើសម្រាប់ស្វែងរកបុគ្គល ដែលធ្លាប់មានទំនាក់ទំនងជាមួយ អ្នករកឃើញថាមានជំងឺកូវីដ១៩។ កម្មវិធីនេះអាចតាមដានទំនាក់ទំនង ក្នុងសហគមន៍ដោយប្រើ Bluetooth ជាគោល ហើយធ្វើការកត់ត្រាបុគ្គល ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។
២៖ កម្មវិធីទូរស័ព្ទ (Self Quarantine)ដើម្បីកំណត់ និងរាយការណ៍ពីស្ថានភាពសុខភាពរបស់បុគ្គល ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬសម្រាប់គ្រប់គ្រងអ្នកជំងឺ។
៣៖ ម៉ាស៊ីនជំនួយផ្លូវដង្ហើម ផ្គត់ផ្គង់អ៊ុកស៊ីសែនខ្នាតតូច អាចប្រើជាជំនួយដល់ការដកដង្ហើម របស់អ្នកជំងឺជាពិសេសសម្រាប់មន្ទីពេទ្យនៅជនបទ ឬទីតាំងគ្មានអ៊ុកស៊ីសែនគ្រប់គ្រាន់។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចាត់ក្រុមអ្នកជំនាញឱ្យ បន្តការងារជាមួយក្រសួងសុខាភិបាល ដើម្បីបន្តនីតិវិធីដាក់ឱ្យដំណើការកម្មវិធីខាងលើ ក្នុងពេលឆាប់ៗខាងមុខ។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកស្រាវជ្រាវ និងថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩៕