(ភ្នំពេញ)៖ បន្ទាប់ពីឃើញមានការសរសេរបង្ហោះនូវព័ត៌មានក្លែងក្លាយក្នុងគោលបំណងញុះញង់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានគេចាប់ខ្លួនយកទៅប្រទេសវៀតណាម, តាមរយៈបណ្តាញព័ត៌មាន Fresh News លោក ហ៊ុន ម៉ាណែត ថ្លែងអះអាថា គ្មានពេលទំនេរឆ្លើយតបជាមួយក្រុម មនុស្សចូលចិត្តបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់បំបែកនោះទេ។
ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ បែបញុះញង់នេះ, នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានទំនាក់ទំនងសុំការបំភ្លឺផ្ទាល់ពីលោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ដោយលោកបានឆ្លើយតបយ៉ាងដូច្នះថា «ខ្ញុំបានឃើញព័ត៌មាននេះបង្ហោះប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងការឆ្លើយតបទៅវិញទេព្រោះវាមិនមែនជាកិច្ចការសំខាន់។ អ្វីដែលជាកិច្ចការសំខាន់ចំពោះមុខ ហើយដែលខ្ញុំបានជាប់រវល់បំពេញកិច្ចការនាពេលនេះ គឺការចូលជាមួយស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ដើម្បីរួមដៃគ្នាជួយបង្កានិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះខ្លួនខ្ញុំផ្ទាល់ក៏ជាអនុប្រធាន នៃគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ផងដែរ»។
«ជាក់ស្តែងថ្ងៃនេះខ្ញុំកំពុងធ្វើការនៅការិយាល័យរបស់ខ្ញុំ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង។ រូបខ្ញុំ ក៏ដូចជានាយទាហានផ្សេងទៀត បានបន្តការងារជាធម្មតាទោះបីស្ថិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ដោយ ហើយក៏កំពុងត្រៀមលក្ខណៈដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍ចាំបាច់ណាមួយ» នេះបើតាមការបញ្ជាក់ផ្ទាល់ពីលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ទោះបីខ្ញុំមិនខ្វល់ជាមួយព័ត៌មានក្លែងក្លាយនេះក៏ដោយ ប៉ុន្តែខ្ញុំសូមជូនយោបល់ទៅឲ្យអស់លោកដែលតែងតែប្រឌិតរឿងមិនចេះចប់ សូមឲ្យយល់ពីកាលៈទេសៈខ្លះផង។ ពេលនេះ ជាពេលដែលប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលត្រូវរួមសាមគ្គីគ្នាដើម្បីបង្កានិងទប់ស្កាត់ ជាមួយជំងឺដ៏កាចសាហាវដែលបានប៉ះពាល់ដល់ ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅលើសកលលោក មិនមែនជាពេលដែលត្រូវរកវិធីញុះញង់ បំបែកបំបាក់គ្នានោះទេ»។
នាពេលថ្មីៗលោក ហ៊ុន ម៉ាណែត បានបង្ហាញសកម្មភាពយ៉ាងសកម្ម នៅក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ទាំងការចុះទៅកាន់តំបន់ព្រំដែននានា ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈសម្របសម្រួលប្រជាពលរដ្ឋខ្មែរដែលត្រលប់ពីក្រៅប្រទេស ក៏ដូចជាការដឹកនាំរៀបចំកម្លាំងដឹកជញ្ជូនរបស់កងទ័ព ក្នុងការជួយដឹកជញ្ជូនប្រជាពលរដ្ឋពីព្រំដែនទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ៕