(កណ្ដាល)៖ សួនច្បារអមកណ្ដាលផ្លូវជាតិលេខ៦ ស្ថិតនៅស្រុកមុខកំពូល ត្រូវបានអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីក្រោមឱវាទរួមមាន លោក តាំង ម៉េងលាន អភិបាលរងខេត្ត, លោក នូវ ប៉េងចាន់ដារ៉ា អភិបាលរងខេត្ត ព្រមទាំងលោក តុង សៀវមី អភិបាលស្រុកមុខកំពូល ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេង បានសហការគ្នាបើកយុទ្ធនាការដាំដើមផ្កាលើកសម្រស់ឡើងវិញ ក្រោយសួនច្បារមួយខ្សែនេះ រងការខូចខាតស្ទើរទាំងស្រុងប្រវែងជាង២០គីឡូម៉ែត្រ ដោយសារកង្វះខាតការទទួលខុសត្រូវ របស់អាជ្ញាធរទទួលបន្ទុក។

សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ខណៈដែលអភិបាលខេត្តកណ្តាលបានថ្លែងថា ការដាំផ្កានេះដើម្បីលើកកម្ពស់ សោភ័ណភាព នៅតាមផ្លូវជាតិលេខ៦នេះ ស្របពេលដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូននានាផងដែរ ដូច្នេះហើយទើបរដ្ឋបាលខេត្តបានធ្វើការដាំផ្កា នៅតាមទ្រូងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ។

លោក គង់ សោភ័ណ្ឌ បានបន្ថែមថា ក្រៅពីផ្លូវជាតិលេខ៦នេះ គ្រប់ផ្លូវជាតិទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវដាំផ្កាលម្អសោភ័ណភាពទាំងអស់។ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធស្រុក-ឃុំ បន្ទាប់ពីដាំផ្ការួមហើយ ត្រូវយកចិត្តទុកដាក់មើលថែ និងស្រោចទឹកជាប្រចាំ ដើម្បីឱ្យផ្ការីកលូតលាស់បានល្អ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរស្រុក ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ បប និងសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលលេខ ៣៩ សសរ ឱ្យបានម៉ឺងម៉ាត់ ស្ដីពីការហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់អំពីការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩។ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាត់ដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាលកុល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមក្នុងការទប់ស្កាត់ការរីករាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ ផងដែរ។

គួរបញ្ជាក់ដែរថា សួនច្បារកណ្ដាល ផ្លូវជាតិលេខ៥ ក៏ខូចខាតស្ទើរតែទាំងស្រុងផងដែរ ខណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវទទួលខុសត្រូវឱ្យបានល្អ ក្រោយដាំដុសឡើងវិញនាពេលខាងមុខនេះ៕