(កំពង់ធំ)៖ ដោយអនុវត្តតាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្នុងពិធីបុណ្យចូលឆ្នាំថ្មី មន្ត្រីរាជការធ្វើការ និងកងកម្លាំង កម្មករ កម្មការិនី និងបណ្តាក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការធម្មតា នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន HK Car Inspection co.LTD ( អេចខេខា អ៊ិស្ពេកសិន ខូអិធីឌី) បាននាំយកម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចល័តទៅដល់ខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្តទៅតាមកាលបរិច្ឆេទ ដែលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ដូចនេះពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ អាចយករថយន្តមកឆៀកបានដូចធម្មតា មិនមានការឈប់សម្រាកឡើយ។
ទីតាំងសម្រាប់ការធ្វើឆៀករថយន្ត ធ្វើឡើងនៅផ្លូវលេខ៤ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន (ជាប់មន្ទីរអប់រំយុវជន និងកីឡាខេត្ត) នៅតាមផ្លូវជាតិលេខ៦។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានថ្លែងថា ចំពោះម្ចាស់យានយន្តចាស់ ត្រូវយកមកជាប់ជាមួយនូវរថយន្ត ដែលត្រូវត្រួតពិនិត្យ និង វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និង COPY ប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវ COPY សន្លឹកពន្ធនាំចូលមួយសន្លឹក និងCOPY អត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។
ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន គឺម្ចាស់យានយន្តត្រួវទៅធ្វើការត្រួតពិនិត្យ នៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយ ជូនបងប្អូន្រជាពលរដ្ឋ ។
ជាមួយគ្នានេះ លោក ជូ កុល្លា ក៏បានសំណូមពរដល់ម្ចាស់យានយន្តគ្រប់ប្រភេទ មុនយករថយន្តមកធ្វើការត្រួតពិនិត្យបច្ចេកទេស ត្រូវលាងរថយន្តឲ្យបានស្អាត បើមិនដូច្នេះទេក្រុមការងារមិនធ្វើការត្រួតពិនិត្យជូនទេ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការត្រួតពិនិត្យបច្ចេកយានយន្តនេះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីសម្រួល ការត្រួតពិនិត្យនេះឱ្យកាន់តែងាយស្រួលទៀតនោះ ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការ សុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តតាមអ៉ីនធើណេតផងដែរ៕