(ភ្នំពេញា)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក ថោ ប៉េងលាភ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទទួលមរណភាព ក្នុងជន្មាយុ៨៩ឆ្នាំ។
លោក អ៉ឹម ឈុនលឹម បានចាត់ទុកថា លោក ថោ ប៉េងលាភ មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ លោកស្រី ផា យក់ស៉ីណ ប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការបាត់បង់នូវឥស្សរជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការកសាងប្រទេសជាតិនាពេលកន្លងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាមនាមសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ដ្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម សូមចូលរួមមរណទុក្ខជាមួយលោកស្រី និងក្រុមគ្រួសារទាំងមូល និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោក ថោ ប៉េងលាភ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕