(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣៖៤៧នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយស្ទឹងហាវ (GS STH-F2A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីមួយចំនួន ស្ថិតនៅ៖ ភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុបណ្តាលមកពីអេស្កាវាទ័ររបស់ក្រុមហ៊ុន ហេង សម្បត្តិ កាយដីដាក់លូសម្រួលដល់ក្រុមការងារកងវិស្វកម្ម ធ្វើការស្ថាបនាផ្លូវ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១៧៖៣០នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕