(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសថារដ្ឋាភិបាលរបស់លោក បានសម្រេចចិត្តបន្តអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី១១ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
ការប្រកាសពីការសម្រេចចិត្តខាងលើរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាជាតិបារាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយទន្ទឹមគ្នា លោកក៏បានទទួលស្គាល់ដែរថា វិធានការបិទប្រទេសរយះពេល ៤សប្ដាហ៍កន្លងមកនេះ បានលេចចេញជាលទ្ធផលបណ្ដើរៗ ប៉ុន្តែនេះមិនមែនមានន័យសមរភូមិប្រឆាំងនឹង COVID-19 ទទួលបានជ័យជម្នះហើយនោះទេ។ លោកប្រធានាធិបតីបារាំង បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំពិតជាយល់ថាអ្នកទាំងអស់គ្នា ចង់ត្រឡប់ទៅកាន់ជីវិតប្រក្រតីវិញ។ អ្នកទាំងអស់បានសួរថា តើពេលណា ទើបយើងអាចត្រឡប់ទៅកាន់ជីវិតប្រក្រតីវិញ។ ខ្ញុំពិតជាចង់ផ្ដល់ចម្លើយមួយនេះណាស់។ ប៉ុន្តែ និយាយឱ្យស្មោះត្រង់ យើងមិនទាន់មាន ចម្លើយជាក់លាក់ ដើម្បីប្រាប់អ្នកនោះទេ។ តែយ៉ាងណា ថ្ងៃល្អនឹងមកដល់ឆាប់ៗ ហើយយើងនឹងត្រឡប់ទៅកាន់ជីវិតដ៏រីករាយ ឡើងវិញ»។
លោកបន្ថែមថា សាលារៀន និងហាងទំនិញនានា អាចនឹងបើកទ្វារឡើងវិញ នៅថ្ងៃទី១១ ខែឧសភា ប៉ុន្តែភោជនីយដ្ឋាន សណ្ឋាគារ ហាងកាហ្វេ និងរោងភាពយន្ដ នឹងត្រូវ បន្តបិទទ្វាររហូតដល់មានការជូនដំណឹងជាថ្មី។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១៧ ខែមីនាមក ប្រជាជនបារាំង ៦៧លាននាក់ ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ លើកលែងតែត្រូវចេញក្រៅ ទិញម្ហូប ទៅធ្វើការរកសេវាពេទ្យ ឬធ្វើលំហាត់ប្រាណ តាមម៉ោងកំណត់ពីអាជ្ញាធរតែប៉ុណ្ណោះ។ វិធានការបិទប្រទេសនេះដំបូងឡើយ ត្រូវបញ្ចប់ថ្ងៃអង្គារនេះតែម្ដង។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ បារាំងមានអ្នកឆ្លង COVID-19 ១៣៦,៧៧៩នាក់ ក្នុងនោះស្លាប់ ១៤,៩៦៧នាក់ និងជាសះស្បើយ ២៧,៧១៨នាក់៕