(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកស្រី ពុំ ចន្ទីនី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកដាច់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូន ប្រជាពលរដ្ឋងាយរគ្រោះ (ក្រីក្រ១ និងក្រីក្រ២) សរុបចំនួន៧៥គ្រួសារ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
នាឱកាសជួបសំណេះសំណាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនាម័យជាប់ប្រចាំថ្ងៃ ឲ្យបានញឹកញាប់ ត្រូវមានលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នា និងកាត់បន្ថយការប្រមូលផ្ដុំ ជាពិសេសអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សូមចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសុខាភិបាល ដែលបានណែនាំឲ្យបងប្អូនប្រជាពលករ ដែលវិលត្រឡប់ពីបម្រើការងារ តាមបណ្តាប្រទេសជិតខាង ត្រូវនៅដាច់ដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់ពួកគាត់។
លោក គង់ សោភ័ណ្ឌ បានបន្ថែមទៀតថា តាមបណ្តាឃុំបានយកវិទ្យាល័យ ធ្វើជាមន្ទីរពេទ្យបំរុង ដើម្បីធ្វើចត្តាឡីស័ក សម្រាប់ពលករដែលបានធ្វើចំណាក់ស្រុក និងមានអ្នកតាមដានកំដៅ ព្រមទាំងមានអាហារបីពេលផងដែរ។
លោក គង់ សោភ័ណ្ឌ បានជូនពរដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកដាច់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ និងចូលរួមទប់ស្កាតទាំងអស់គ្នា ចំពោះការរីករាលដាលនៃជំងឺកូវីត-១៩ ដល់កាចសាហាវមួយនេះ និងសូមទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមតាមបីបាច់ថែរក្សា បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចុះជួយឃុំព្រែកដាច់ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពលរដ្ឋងាយរងគ្រោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស សាប៊ូ ២ដុំ អាកុល កន្លះលីត្រ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី ក៏បាននាំយកទេយ្យទានប្រកេន ព្រះសង្ឃនៅវត្តឥន្ទនិម្មិត្តផងដែរ៕