(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសាកសួរសុខទុក្ខកម្មករ កម្មការិនី ប្រមាណជិត១ពាន់នាក់ ដែលកំពុងតែបម្រើការងារនៅក្នុងនៅរោងចក្រ និងកាត់ដេរសម្លៀកបំពាក់ ហ្រ្គេសហ្វូល ខេមបូឌា ថេកស្ដាយ ដែលមានទីតាំងស្ថិតនៅឃុំរនាម ស្រុកទ្រាំង។
ការចុះសួរសុខទុក្ខនេះ ដើម្បីជាការលើកទឹកចិត្តដល់កម្មករ កម្មការិនី ដែលបានចូលរួមអនុវត្តន៍ទៅតាមបទបញ្ជា ក៏ដូចជាសំណូមពររបស់រាជរដ្ឋាភិបាល ស្ដីពីការលើកពេលការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ កម្មករនិយោជិត នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះលោក អ៊ូច ភា បានសំដែងនូវការកើតសសើរដល់កម្មករ កម្មការិនីទាំងអស់ដែលនាំគ្នាមកបំពេញការងារជាធម្មតានៅថ្ងៃបុណ្យចូលឆ្នាំថ្មី ស្របទៅតាមបទបញ្ជាក៏ដូចជាសំណូមពរ របស់រាជរដ្ឋាភិបាលដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែកើតឡើងនៅក្នុងរាជធានី និងខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់ម្ចាស់រោងចក្រឲ្យយកចិត្តទុកដាក់ពីសុខភាពកម្មករ កម្មការិនី តាមរយៈការបាញ់កំដៅកម្មករ ការដាក់អាកុល ឬសាប៊ូឲ្យកម្មករលាងដៃ ហើយបើឃើញមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងលើកម្មករណាម្នាក់ ត្រូវរាយការណ៍ប្រាប់ក្រុមគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាកើតឡើងហើយ ដែលអាចនាំដល់ការឆ្លងគ្នាពីកម្មករម្នាក់ទៅម្នាក់ទៀត នៅក្នុងរោងចក្រ ដែលនឹងនាំឲ្យមានការផ្អាកដំណើរការរោងចក្រមួយរយៈ ហើយវានឹងនាំឲ្យខាតប្រយោជន៍ទាំងកម្មករ។
បើតាមលោក លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា រហូតមកដល់នឹងពេលនេះ មានកម្មករនៅតាមរោងចក្រនានាទូទាំងខេត្តតាកែវ ប្រមាណ៩៧ភាគរយ បានមកបំពេញការងារជាធម្មតា ហើយ៣ភាគរយទៀត បានសុំច្បាប់សម្រាកដោយសារមូលហេតុសុខភាព៕