(កំពង់ឆ្នាំង)៖ ករណីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ប្រជាពលរដ្ឋ ៥នាក់ យកទៅដាក់ពន្ធនាគារ និងដកហូតត្រាក់ទ័រ ៥គ្រឿង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ ហើយត្រូវបានតំណាងអយ្យការសាលាដំបូងខេត្ត សម្រេចដោះលែងពួកគាត់ឱ្យមានសេរីភាពវិញកាលពីល្ងាចថ្ងៃទី៩ ខែមេសា នោះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
សម្រាប់ករណីនេះ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានការជ្រើសរើសសមាសភាព មន្ត្រីសំខាន់ៗ នៃមន្ទីរអង្គភាពជុំវិញខេត្តចំនួន ៩រូប ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត ចុះធ្វើការវាយតម្លៃ និងសម្របសម្រួលនៅលើទីតាំងដី។
ការចុះពិនិត្យ និងវាយតម្លៃទីតាំងដីខាងលើនេះ ក្រៅអំពីវត្តមានរបស់គណៈកម្មការចម្រុះទាំង ៩រូប គេក៏សង្កេតឃើញមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក អាជ្ញាធរឃុំភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ រួមទាំងប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានជាង ១០០នាក់ បានចុះទៅដល់ទីតាំងដីនៅចំណុចខាងលើផងដែរ។
ឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ របស់ក្រុមគណៈកម្មការចម្រុះ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ បានវាយតម្លៃ និងទទួលស្គាល់ថា ដីខាងលើនេះ គឺពិតជាដីស្រែរបស់ប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលជាយូរយាមកហើយពិតប្រាកដមែន ពុំមែនជាដីដែលទើប តែនឹងរុករានថ្មីៗនោះឡើយ។ តែយ៉ាងណាក៏ដោយ ក្នុងចំណោមគណៈកម្មការចម្រុះទាំង៩ រូបខាងលើនេះ មានម្នាក់ គឺលោក ហង្ស សុជាតិ មានតួនាទីជាមេបញ្ជារការរង នៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានចុះទៅចាប់ប្រជាពលរដ្ឋ ៥រូប រួមនឹងត្រាក់ទ័រ៥គ្រឿង នៅចំណុចប្រឡាយកំភ្លាញ ស្ថិតនៅក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង។
ការដឹកនាំកម្លាំងចុះទៅឃាត់ត្រាក់ទ័រ ៥គ្រឿង និងឃាត់ប្រជាពលរដ្ឋ ៥នាក់កន្លងទៅនេះ របស់មេបញ្ជាការរងអាវុធហត្ថខេត្ត លោក ហង្ស សុជាតិ មិនទាន់យល់ស្របជាមួយនឹងក្រុម ចម្រុះទាំងស្រុងនោះឡើយ ដោយនៅមានការពាក់ព័ន្ធផ្នែកផ្លូវច្បាប់មួយចំនួន ដែលលោកមិនទាន់ឯកភាព។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងនាមជាអនុប្រធានគណៈកម្មការចម្រុះ និងជាមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា យោងទៅតាមការពិនិត្យ ជាក់ស្ដែងទៅលើស្ថានភាពដី ក៏ដូចជាការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន គឺលោកទទួលស្គាល់យ៉ាងច្បាស់ពីប្រវត្តិដីធ្លីខាងលើនេះ ពិសេសប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលលោកបានបញ្ជាក់ យ៉ាងច្បាស់ដែរថា ដីស្រែទាំងអស់ខាងលើនេះ គឺពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៩ផងនោះ ដូច្នេះបើផ្អែកទៅលើផ្លូវច្បាប់ដីតំបន់២ ឬក៏តំបន់៣ ប្រសិនបើពលរដ្ឋធ្លាប់អាស្រ័យផល ជាយូរមកហើយនោះ តាមអនុក្រឹត្យលេខ១០៤៤ ប្រជាពលរដ្ឋអាចអាស្រ័យផលបានជាបន្ត លើកលែងតែមានការលក់ដូរ ហើយក៏មិនអនុញ្ញាតឱ្យមានការកាប់រានថ្មីៗ ហើយយកស្រូវ ឬដំណាំទៅដាំលើដីនោះ ដើម្បីយកដីមកធ្វើជាកម្មសិទ្ធិផងដែរ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការវាយតម្លៃ ខាងលើនេះ លោកក៏បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីនគរបាលយុត្តិធម៌ សុំឲ្យមានការសហការគ្នាអោយបានល្អឡើងវិញ ក្នុងការចុះអនុវត្តការងារ បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ចៀសវាងមានកំហុសឆ្គងក្នុងការចុះអនុវត្តច្បាប់។
លោក ហង្ស សុជាតិ បានឱ្យដឹងដែរថា ចំពោះការងារចុះអនុវត្តច្បាប់កន្លងមក ធ្វើឡើងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដូច្នេះការប្រគល់ជនសង្ស័យទៅជូនមន្ត្រីជំនាញ ឬក៏ប្រគល់ជូនទៅតុលាការដោយផ្ទាល់ គឺអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការ។ បើឱ្យលោកបញ្ជូនទៅជំនាញ លោកនឹងបញ្ជូនទៅជំនាញភ្លាម តែបើឱ្យលោកកសាងសំណុំរឿងបញ្ជូន ទៅតុលាការដោយផ្ទាល់ លោកក៏ត្រូវតែអនុវត្តតាមបទបញ្ជារបស់តុលាការផងដែរ។
ដោយឡែក ចំពោះការចុះវាយតម្លៃទៅលើទីតាំងដី ដែលលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនពលរដ្ឋទាំង ៥នាក់ និងគ្រឿងចក្រ៥គ្រឿង ខាងលើនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ជលផលមាត្រាទី៩៨ និង១០១តែ ប៉ុណ្ណោះ ឯការយោគយល់ និងមនោសញ្ចេតជាមួយប្រជាពលរដ្ឋ គឺជារឿងផ្សេង តែការដែលលោកធ្វើកន្លងមកនេះ គឺជាការអនុវត្តច្បាប់តែប៉ុណ្ណោះ។
ចំពោះការឯកភាពទៅលើខ្លឹមសាររួម នៃលទ្ធផលពីការវាយតម្លៃ ចំពោះការចុះត្រួតពិនិត្យទីតាំងដី របស់គណៈកម្មការចម្រុះទាំង ៩រូប នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកនឹងរង់ចាំមើល ខ្លឹមសារ នៃឯកសារនោះសិន ថាតើលោកគួរចុះហត្ថលេខា ឬយ៉ាងណា ពេលនេះលោកមិនទាន់ឆ្លើយបាននៅឡើយនោះទេ៕