(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលទូទាំង ប្រទេសត្រៀមលក្ខណៈ អនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រទេសគ្រាមានអាសន្ន ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19។
ការដាក់បទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត ទាំងអស់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបញ្ជាក់យ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបញ្ជាឲ្យត្រៀមកម្លាំងក្នុងករណី ដែលរាជរដ្ឋាភិបាល ប្រកាសប្រទេសដាក់ក្នុងភាពអាសន្ន ដោយយើងត្រៀមលក្ខណៈទាំងអស់នៅពេលប្រកាសពេលណា យើងមានផែនការសកម្មភាព អនុវត្តនៅពេលនោះ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកម្លាំងនគរបាលត្រូវចូលរួមសហការ និងបង្កលក្ខណៈ ក្នុងការទប់ស្កាត់ប្រឆាំងជាមួយការរីករាលដាល ជំងឺ COVID-19 ដោយត្រូវចូលរួមចំណែកអប់រំ ថែរក្សាសុខភាព អនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។
លើសពីនេះ ត្រូវចូលរួមសហការស្រាវជ្រាវ រកមុខសញ្ញាដែលសង្ស័យផ្ទុកជំងឺ COVID-19 តាមសំណើរបស់គណៈកម្មការអន្ដរក្រសួង។ មានន័យថា មន្ដ្រីនគរបាលត្រូវបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីគាំទ្រឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 អនុវត្តភារកិច្ចទទួលបានជោគជ័យ ដោយគ្មានការរាំងស្ទះណាមួយនោះឡើយ។
គួរជម្រាបថា ពាក់ព័ន្ធជាមួយផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញឲ្យប្រើប្រាស់នេះ គឺបែងចែកការងារចំនួន៥ រួមមាន៖
*ទី១៖ ផ្នែកសន្ដិសុខ
*ទី២៖ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ
*ទី៣៖ ពាក់ព័ន្ធការងាររក្សាសណ្ដាប់ធ្នាប់សាធារណៈ ដែលពង្រឹងទៅលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
*ទី៤៖ កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន
*ទី៥៖ លើកកម្ពស់ការកសាងធនធានមនុស្ស និងពង្រឹងស្ថាប័ន។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា គោលបំណងនៃការបង្កើនផែនការសកម្មភាពនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីការពារសមភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងដើម្បីតម្រង់ទិសប្រកបដោយភាពម្ចាស់ការ ដោយមិនត្រូវរត់តាមសភាពការណ៍ដែលកើតឡើងនោះឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសំណូមពរឲ្យគ្រប់នាយកដ្ឋាន អង្គភាព យកផែនការនេះទៅពិនិត្យ និងចាត់តាំងដឹកនាំ អនុវត្តឲ្យមានប្រសិទ្ធភាព៕