(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបដិសេធចោលទាំងស្រុងចំពោះសម្លេងសាររបស់ស្ដ្រីម្នាក់ ដែលបានចែកចាយតាម Messenger ដែលថា មានអ្នកផ្ទុកកូវីដ១៩ម្នាក់ នៅរាជធានីភ្នំពេញ មានប្រាស្រ័យទាក់ទងជាមួយអ្នកខេត្តកំពង់ចាម ដែលអាចបង្កការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពេញក្នុងខេត្តកំពង់ចាម។
តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងមកនេះ មានលេចចេញសារជាសម្លេង របស់ស្ដ្រីម្នាក់មិនស្គាល់អត្ដសញ្ញាណ បានបំផុសបំប៉ោងព័ត៌មានមិនពិត ដែលថាមានបុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ បានមកធ្វើការងារ និងប្រាស្រ័យទាក់ទងជាមួយ សហការីរបស់គាត់ នៅក្នុងខេត្ដកំពង់ចាម ដែលអាចបង្កជាការឆ្លងរីករាលជំងឺនេះ ពេញក្នុងខេត្តកំពង់ចាម»។
រដ្ឋបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា «យោងលើការអង្កេតស្រាវជ្រាវ ព័ត៌មានលម្អិតជាមួយនឹងសាមីខ្លួន និងសហការីរបស់គាត់ទាំងអស់ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ថា បុរសនោះ មិនដែលបានមកកាន់ទឹកដីខេត្តកំពង់ចាម ចាប់តាំងពីមានការរាលដាលនៃជំងឺកូវីដ១៩នោះឡើយ រដ្ឋបាលខេត្តសូមបដិសេធ ទាំងស្រុងនូវព័ត៌មានរបស់ស្ដ្រីខាងលើ ដោយតម្រូវឲ្យស្ដ្រីរូបនេះ កែតម្រូវព័ត៌មានរបស់ខ្លួនឡើងវិញជាបន្ទាន់»។
ជាមួយគ្នានោះរដ្ឋបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវ ដល់សាធារណជនឲ្យមានការជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ដកំពង់ចាម ដែលកំពុងធ្វើការងារយ៉ាងយកចិត្ដទុកដាក់ និងសកម្មក្នុងការការពារ ទប់ស្កាត់ និងព្យាបាលករណីជំងឺកូវីដ១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសេចក្ដីសុខរបស់ប្រជាជនទូទៅ។
ក្នុងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនថា ក្នុងករណីដឹងមិនច្បាស់លាស់ ឬមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមសាកសួរព័ត៌មានជាបន្ទាន់ មកកាន់អាជ្ញាធរមូលដ្ឋាន ឬមន្ដ្រីសុខាភិបាលមូលដ្ឋាន ឬទូរស័ព្ទ ទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមិនច្បាស់លាស់។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន ៣១នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕