(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទិញរថយន្តពន្លត់អគ្គិភ័យថ្មីតម្លៃជិត មួយរយកៅសិបពាន់ដុល្លារសហរដ្ឋអាមេរិក (១៩០,០០០ដុល្លារ) បំពាក់ដោយម៉ាស៊ីន និងបរិក្ខារពន្លត់អគ្គិភ័យដ៏ទំនើប ដើម្បីចូលរួមជួយពន្លត់អគ្គិភ័យនានាជូនសាធារណជនឲ្យកាន់តែមានប្រសិទ្ធភាព បើទោះបីបម្រើសេវាកម្មដោយឥតគិតថ្លៃក៏ដោយ។
រថយន្តដ៏ថ្មីសន្លាងនេះត្រូវបានបញ្ជាទិញពីក្រុមហ៊ុនកូរ៉េ Everdigm កាលពីចុងឆ្នាំ២០១៩នេះ ដែលបំពាក់ ប្រព័ន្ធបញ្ជាទឹកដ៏ទំនើបងាយស្រួលប្រើបាស់គ្រប់ស្ថានភាព កម្លាំងបាញ់ទឹកខ្លាំង ព្រមទាំងផ្ទុកសម្ភារៈពន្លត់អគ្គិភ័យសំខាន់ៗគ្រប់ប្រភេទ គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការឯករាជ្យដោយខ្លួនឯង និងបម្រុងសម្រាប់គាំទ្រដល់រថយន្តពន្លត់អគ្គិភ័យដទៃទៀត ពេលត្រូវធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យរួមគ្នា៕