(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បាននាំអំណោយយកទៅផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលបានរុះរើផ្ទះដោយមានការភ័យខ្លាច ការបាក់ស្រុតច្រាំងទន្លេ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងភូមិព្រៃស្តី ឃុំព្រះអណ្តូង ស្រុកស្ទឺងត្រង់។
ក្នុងឱកាសចុះផ្ដល់អំណោយជូនប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាមានការប្រេះដីខាងក្រោមផ្ទះប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនោះ គឺមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទេ។ ហើយការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះ រងការហួតហែងយូរខែ ហើយបានប្រទះទឹកភ្លៀវច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំឲ្យមានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំង ដោយសារការ បាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ គឺមន្ត្រីជំនាញធនធានទឹក យើងបានធ្វើការពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះ បានត្រឹមត្រូវហើយ។ ម្យ៉ាងទៀត មុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ជៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលាផងដែរ។
អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរួមមាន៖ ថវិកាមួយគ្រួសារ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕