(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីនេះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវ របស់លោកឧត្តមសេនីយ៍ឯក យឹម លាង ជាអគ្គស្នងការរងនគរបាលជាតិផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក យឹម លាង ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរក្របខ័ណ្ឌ ពីកងយោធពលខេមរភូមិន្ទ ឲ្យទៅបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អគ្គស្នងការរងនគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ដោយមើលឃើញពីបទពិសោធការងារ ពាក់ព័ន្ធការការពារថ្នាក់ដឹកនាំ លោកនឹងចាត់ឲ្យឧត្តមសេនីយ៍ឯក យឹម លាង ទទួលបន្ទុកការងារការពារនេះដដែល ដោយត្រូវសហការជាមួយនាយកដ្ឋានអង្គរក្ស។
យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានសម្រេចប្រគល់ភារកិច្ចជូនលោក យឹម លាង ជាជំនួយការដឹកនាំការងារការពារពិធីបុណ្យជាតិ អន្តរជាតិ និងអមការពារសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។
សូមបញ្ជាក់ថា មុនផ្ទេរក្របខ័ណ្ឌមកជានាយនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក យឹម លាង មានតួនាទីជា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ៕