(ភ្នំពេញ)៖ ស្របពេលដែលប្រទេសនានាអាស៊ាន ក៏កំពុងទទួលរងនូវការរីករាលដាលនៃមេរោគកូវីដ១៩ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រចំពោះការបង្កើត«មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម ។
បើតាមសម្តេចតេជោ ហ៊ុន សែន, ដោយសារកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិន ទាន់បានយល់ដឹង អាស៊ានត្រូវការបំពេញការងារចាំបាច់មួយចំនួនដូចជា៖
១៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និង ចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន។
២៖ ការបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និង ដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ។
៣៖ ការផ្តល់ នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ។ល។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។
គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប ់៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)៕