(កណ្តាល)៖ ដោយពិនិត្យឃើញពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការយកចិត្តទុកដាក់របស់មន្រ្តីរាជការជុំវិញស្រុកលើកដែក ជាពិសេសអាជ្ញាធរភូមិ-ឃុំ និងគ្រូពេទ្យ ដែលកំពុងប្រចាំការលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅចំណុចព្រំដែនរវាងស្រុកកៀនស្វាយ និងស្រុកលើកដែក នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០នេះ លោក អ៊ុក ដាមរី តំណាងរាស្រ្តខេត្តកណ្តាល លោក ឃួន ផល្លារិទ្ធ នាយកខុទ្ទកាល័យលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង លោក ហង្ស វិចិត្រ តំណាងរបស់លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានដឹកនាំក្រុមការងារចុះជួយស្រុកលើកដែក ខេត្តកណ្តាល ដើម្បីចូលរួមលើកទឹកចិត្តដល់អាជ្ញាធរភូមិ-ឃុំ និងគ្រូពេទ្យ ដែលកំពុងប្រចាំការនៅទីតាំងខាងលើក្នុងយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩។
លោក អ៊ុក ដាមរី លោក ឃួន ផល្លារិទ្ធ និង លោក ហង្ស វិចិត្រ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដល់មន្រ្តីរាជការជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមកុំមានការព្រួយបារម្មណ៍ ហើយត្រូវគិតគូពីសុខភាព។ ដោយឡែកបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ជៀសវាងបញ្ហានានាដែលអាចកើតចេញមកដោយមិនបានព្រៀងទុកជាមុន។
ជាមួយគ្នានេះផងដែរ ក្រុមការងារ ក៏បានលើកឡើងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នបានរីករាលដាលស្ទើរគ្រប់ប្រទេសលើសកលលោក បើទោះបីប្រទេសកម្ពុជាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយជាច្រើនហើយក្តី តែមិនទាន់មានសញ្ញាណាមួយថាជំងឺនេះស្រាកស្រាន្តនៅឡើយទេ។ ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមបទបញ្ជា និងសេចក្តីសម្រេចផ្សេងៗ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីវិលត្រលប់ពីក្រៅប្រទេស ហើយជាពិសេសនោះគឺជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន ។
ក្រុមការងារ បានបន្តទៀតថា យើងត្រូវរក្សាប្រក្រតីភាពការរស់នៅប្រចាំថ្ងៃ ត្រូវចេះជួយយកអាសារគ្នា ការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ សុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ សូមអំពាវនាវអោយបងប្អូនទាំងអស់ប្រកបការងារជាធម្មតា និងមិនគួរធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀត ដែលមានចែងយ៉ាងច្បាស់ក្នុងសេចក្តីសម្រេចលេខ ៣៩ ស.ស.រ ចុះថ្ងៃទី ១០ ខែមេសារ ឆ្នាំ ២០២០របស់រាជរដ្ឋាភិបាលកម្ពុជា។
សួមបញ្ជាក់ផងដែរថា នេះជាលើក ៤ហើយ ក្នុងសម្មភាពយុទ្ឋនាការប្រយុទ្ឋប្រឆាំងជំងឺកូវីត-១៩ ក្នុងស្រុកលើកដែក ដោយលើកទី ១ កាលពីថ្ងៃទី ២៩ ខែមីនា លើកទី ២ថ្ងៃទី ០៤ ខែមេសា លើកទី៣ ថ្ងៃទី ១១ មេសា និងលើកទី ៤ ថ្ងៃទី ១៤ មេសា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា រួមទាំងក្រុមការងារ និងសប្បុរសជននានា បានឧបត្ថម្ភថវិកា ស្បៀងឧបភោគបរិភោគ សម្ភារ: និងបរិក្ខាពេទ្យមួយចំនួន ដល់ក្រុមការងារស្រុក ក្រុមការងារឃុំ កងកំលាំង ប្រជាការពារ និងមណ្ឌលសុខភាពតាមបណ្តារឃុំ ក្នុងស្រុកលើកដែក សរុបរួមមានថវិកា ៣០.១២០.០០០រៀល អង្ក ៧៥០គីឡូ ទឹកស៊ីអ៊ី ៩០ដប ទឹកត្រី ៩០ដប ១១០០០ម៉ាស ក្រម៉ា ៣០០ អាល់កុល ៧២០លីត្រ សាប៊ូ ៣០០ដុំ៕