(ហ្សាការតា)៖ ភូមិមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសអ្នកស្ម័គ្រចិត្តជាច្រើននាក់ឱ្យបន្លំខ្លួនធ្វើជា «ខ្មោច» នៅពេលយប់ ដើម្បីបន្លាចប្រជាជនកុំឱ្យចេញពីផ្ទះ និងរក្សាគម្លាតសង្គម ទប់ស្កាត់ឆ្លងរាតត្បាត COVID-19 ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
ភូមិ គេភូហ៍ (Kepuh) ស្ថិតនៅកោះជ្វា បានចាប់ផ្ដើមដាក់ពង្រាយ អ្នកដើរល្បាតនៅពេលយប់ កាលពីខែមីនា កន្លងទៅ។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ខ្មោចត្រូវបានគេហៅថា ផូកុង «pocong» ដែលតំណាងឱ្យវិញ្ញាណវិលវល់របស់អ្នកស្លាប់។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកភូមិ Kepuh ម្នាក់ឈ្មោះ កាណូ ស៊ូផាដម៉ូ (Karno Supadmo) បានបញ្ជាកដូច្នេះថា «ចាប់តាំងពី pocong បង្ហាញខ្លួនមក ឪពុកម្ដាយ និងកូនៗរបស់ពួកគេ មិនបានចេញពីផ្ទះនោះទេ ហើយមនុស្សជាច្រើនទៀត ក៏មិនសូវប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ ក្រោយការថ្វាយបង្គំពេលល្ងាចនោះដែរ»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ ឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19 សរុប ៤,៥៥៧ករណី ក្នុងនោះស្លាប់ ៣៩៩នាក់ និងជាសះស្បើយវិញ ៣៨០នាក់។ ឥណ្ឌូណេស៊ីជាប្រទេសធំជាងគេប្រចាំអាស៊ាន ហើយក៏មានករណីស្លាប់ដោយសារ COVID-19 នេះច្រើនជាងគេផងដែរ៕