(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនចំនួន៦ចំណុច ដល់មេដឹកនាំអាស៊ានផ្សេងៗទៀត ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានឡើកឡើងថា នាពេលកន្លងមក, វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្មតំបន់, សម្តេចយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
សម្តេចបានបន្តថា និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និង ប្រែក្លាយ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម ។ ក្នុងស្មារតីនេះសម្តេចក៏បានចូលរួមចែករំលែកនូវ ទស្សនៈមួយចំនួន ដូចខាងក្រោម ៖
ទី១៖ ដោយកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិន ទាន់បានយល់ដឹង, អាស៊ានត្រូវការចាំបាច់នូវ : (១)៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និង ចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន; (២)៖ ការបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គ- ការអន្តរជាតិ និង ដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ និង (៣)៖ ការផ្តល់ នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ។ល។ ក្នុងស្មារតីនេះ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នា បង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹង តម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និង ផ្នែកសុខាភិបាល ជាដើម។
ទី២៖ អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល និង កិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវ វិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ដូចជា ការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ ការបិទច្រក ឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និង លំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និង សេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ, ការប្រកបមុខរបរ, ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាងផងគ្នា ក្នុងតំបន់អាស៊ាន យើង។
ទី៣៖ ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះត្រូវការថវិកា, សម្ភារៈបរិក្ខារ ក៏ដូចជាកម្លាំង មនុស្សច្រើន, អ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធ គឺការជំរុញ និង បំផុសនូវវប្បធ៌មចែករំលែក ដែលនៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋ ទៅប្រជាជន, ការចែករំលែកពីដៃគូរអភិវឌ្ឍ និង អង្គការ មិនមែនរដ្ឋាភិបាល ទៅប្រជាជន, ការចែករំលែកអ្នកមានធនធានទៅសង្គម និង អ្នកគ្មានធនធាន និង ការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធ៌មនេះ គឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកា ជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម, ស្មារតីជាប្រជាជាតិតែមួយ និង ចលករក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ផងដែរ ។
ទី៤៖ យើងត្រូវជៀសវាងការរើសអើងពូជសាសន៍ និង ការប្រកាន់ជំហរស្ដីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព, ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្នុងស្មារតីមនុស្សធម៌ និង សាមគ្គីភាពអន្តរ- ជាតិ, កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជាមិនត្រឹមតែបាន និង កំពុងជួយព្យាបាលពលរដ្ឋ ខ្មែរប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បានព្យាបាលទាំងជនបរទេស រួមមាន ឥណ្ឌូណេស៊ី ២ នាក់, ម៉ាឡេស៊ី ១៣ នាក់, ចិន ១នាក់ អង់គ្លេស ៥នាក់, បារាំង ៤០នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, និងអាមេរិកកាំង ២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។
ទី៥៖ យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជន អាស៊ាន ដែលជាប់គាំងដំណើរ ឬ រងគ្រោះដោយជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ, ខ្ញុំសូមថ្លែងអំណរគុណ ដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និង នៅតាមព្រលានយន្តហោះ មួយចំនួនកន្លងមក ។ កម្ពុជាក៏បានខិតខំជួយសម្របសម្រួល យ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ ។ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០, កម្ពុជាបានសម្របសម្រួលឱ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋ ម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១ នាក់ ។
ទី៦៖ អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋ- កិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់ ។ កម្ពុជាយល់ថា អាស៊ានត្រូវពនឿនការអនុវត្តផែនការ និង យន្តការនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់, លុប- បំបាត់របាំងមិនមែនពន្ធ និង បង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ។ បន្ថែមពីនេះ, យើងក៏ត្រូវជំរុញការអនុវត្ត គំនិតផ្តួចផ្តើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្តោតលើ : (១)៖ ការលើកកម្ពស់សហគ្រាស មីក្រូ, តូច និង មធ្យម (MSMEs) និង ការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា (Start-ups); (២)៖ ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និង សាធារណៈ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និង (៣)-ការអភិវឌ្ឍធនធានមនុស្ស និង ជំនាញវិជ្ជាជីវៈឌីជីថល។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប ់៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)៕