(ស្ទឹងត្រែង)៖ លោក ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា បានជំរុញឲ្យរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយទៅតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការ ដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារ នៃការឆ្លងមេរោគកូវីដ១៩នេះ។
ការជំរុញបែបនេះរបស់លោក ញ៉ែម សាម៉ន បានធ្វើឡើងនៅក្នុងឱកាសដែលលោករួមជាមួយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់ព្រឹទ្ធសភានៃកម្ពុជា មកប្រគល់ជូនសាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរលោក ញ៉ែម សាម៉ន បានថ្លែងថា ដូចនេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីចៀសផុតនូវការឆ្លង និងការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះផងដែរ។
ជាចុងក្រោយលោក ញ៉ែម សាម៉ន និងលោក ម៉ុម សារឿន បានប្រគល់អំណោយរបស់ព្រឹទ្ធសភា ដែលបានយកមកផ្តល់ជូន រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ នាពេលនេះរួមមាន៖ ក្រម៉ា ចំនួន ៤០០ក្រម៉ា សាប៊ូ ចំនួន ៥កេស ឃីត ចំនួន ២កញ្ចប់ និងថវិកា ចំនួន ២លានរៀល។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ញ៉ែម សាម៉ន និងលោក ម៉ុម សារឿន បានបន្តដំណើរចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៃការស្ថាបនាផ្លូវក្រាលគ្រួស ក្រហមមួយខ្សែ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលឆ្លងកាត់ ឃុំថាឡាបរិវ៉ាត់ ឃុំអូររ៉ៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅឃុំសៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ដែលនឹងកំពុងស្ថាបនា៕