(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមព្រឹកនេះ រោងចក្រនៅទូទាំងប្រទេសកម្ពុជា បានបើកដំណើរការធម្មតា ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងនោះមានកម្មកររោងចក្រជាង៩៥ភាគរយ មកធ្វើការជាធម្មតា។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេស បានបន្តបើកដំណើរការធម្មតា តាមបទបញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល។ កម្មកររោងចក្រជាង៩៥% ក៏បានមកធ្វើការធម្មតា មានតែខេត្តកំពង់ស្ពឺទាបជាងគេបន្តិច មានត្រឹម៩៣%»។
សូមជម្រាបថា ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន៤ចំណុចដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត៖
១៖ កម្មករនិយោជិតត្រូវបន្ត ធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។
២៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាក ក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩៕