(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏អញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកកិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃ គូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ១៩។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះរួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យមេដឹកនាំអាស៊ានសម្រេចជ្រើសយកកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជំនួសវិញ។
កិច្ចប្រជុំកំពូលអាស៊ានពិសេស និងកំពូលអាស៊ានបូក៣ពិសេសនៅថ្ងៃនេះ មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Fresh News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតផងដែរ៕