(ភ្នំពេញ)៖ ឆ្លើយតបនឹងសារជូនពររបស់សហរដ្ឋអាមេរិក, នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងការបរទេសកម្ពុជា សូមថ្លែងអំណរគុណចំពោះ សារជូនពរ របស់សហរដ្ឋអាមេរិក ដែលបានផ្ញើជូនប្រជាជនកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ព្រមទាំងជូនពរដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ទទួលបានជ័យជំនះការលើប្រយុទ្ធប្រឆាំងជាមួយជំងឹកូវីដ១៩ នាពេលឆាប់ៗខាងមុនេះ។
លោក កុយ គួង អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០២០។
រដ្ឋាភិបាល និងប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព ជាមួយសហរដ្ឋអាមេរិក និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ ប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។
នៅក្នុងឱកាសនេះ យើងខ្ញុំសូមជូនពរដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក សូមទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ នឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺនេះ ខណៈពេលដែលប្រជាជាតិយើងទាំងពីរ និងប្រទេសដទៃទៀតនៅលើសកលលោក កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជនយើង និងសេដ្ឋកិច្ចពិភពលោក។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានថ្លែងសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជា សូមឲ្យមានសំណាងល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោកស្រី MORGAN ORTAGUS អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសារជូនពរនោះថា «តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា»។
លោកស្រីបន្តថា «ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះធ្វើឲ្យយើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយយើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅនៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត»៕