(ភ្នំពេញ)៖ អត្រាអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានថយចុះ២៦ភាគរយ នៅរយៈ១សប្តាហ៍ចុងក្រោយនេះ ក្រោយការដាក់ឱ្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានរយៈពេល៧ថ្ងៃ ពោលគឺមួយថ្ងៃបានថយចុះ ១,៥នាក់ នេះបើតាមការបញ្ជាក់ របស់ឧត្តមសេនីយ៍ឯក គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែល បង្ហាញដោយមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ បានឱ្យដឹងថា រយៈពេល១សប្តាហ៍ នៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅកម្ពុជា ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង៦០លើក ប៉ុន្តែថយចុះ១៩លើក ស្មើនឹង២១ភាគរយ បើធៀបនឹងសប្តាហ៍មុន ដែលមានគ្រោះថ្នាក់៨៨លើក។ ចំណែកអ្នកដែលជួបគ្រោះថ្នាក់ ចរាចរណ៍ហើយស្លាប់ បានថយចុះ១២នាក់ស្មើ២៦ភាគរយដែរ។
លោកបានលើកឡើងថា «បើគិតជាមនុស្សវិញគឺក្នុង ១ថ្ងៃអ្នកស្លាប់បានថយ១,៥នាក់ ដូច្នេះថយច្រើនណាស់ នេះគឺជាជំហានចាប់ផ្តើម ប្រសិនបើតទៅមុខទៀត លទ្ធផលនេះ នៅតែដូច្នេះរហូត ឬក៏កាន់តែល្អទៅទៀត គឺថាវាជាមោទនភាពរបស់ជាតិយើង វានឹងអាចជួយឱ្យប្រជាពលរដ្ឋយើង ទទួលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានថយចុះ»។
កម្ពុជាបានកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំនាពេលកន្លងមក ដោយសារកត្តាផ្សេងៗ ជាពិសេសការមិនគោរពច្បាប់ចរាចរណ៍ គ្រឿងស្រវឹង និងបើកបរហួសល្បឿនកំណត់ មិនប្រកាន់ស្តាំជាដើម។ កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ថ្មីជាធរមាន និងតឹងរឹងបំផុត ចាប់ពីឆ្នាំ២០១៦ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នេះ។
រយៈពេល៧ថ្ងៃនេះ មានយានយន្តចំនួន៤៥២៨០គ្រឿង (ម៉ូតូ ៥៣,៥៩ភាគរយ) បានចូលឱ្យនគរបាលចរាចរ ទូទាំងប្រទេសត្រួតពិនិត្យ ក្នុងនោះមានយានយន្ត ដែលមិនមានកំហុសគ្រប់គ្រាន់ ត្រូវបាននគរបាលអប់រំនិងពន្យល់ច្បាប់ ចំនួន២៤១០៤គ្រឿង និងមានយានយន្ត២១១៥៩គ្រឿង ត្រូវបានផាកពិន័យដែលក្នុងនោះ ពលរដ្ឋដែលបង់ប្រាក់មាន ៧៨,៨៩ភាគរយផងដែរ៕