(ភ្នំពេញ)៖ នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានបន្តបំពេញការងារជាធម្មតាគ្រប់ៗគ្នា តាមតួនាទីភារកិច្ចរៀងៗខ្លួន។ បើទោះបីជាមិនបាន ឈប់សម្រាក ទៅស្រុកកំណើតជួបជុំគ្រួសារ តែសមាជិកអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវមោទនភាពក្នុងការបំពេញបំពេញតួនាទី បង្កា បង្ក្រាប សង្គ្រោះ បម្រើពលរដ្ឋ និងបានចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជា របស់មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការការពារប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ជំងឺឆ្លង កូវីដ១៩ ដោយមិនធ្វើដំណើរចល័ត អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន រក្សាអនាម័យ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាកុល ឬជែលសម្លាប់មេរោគ ប្រើប្រាស់ម៉ាស់ឲ្យបានញឹកញាប់និងគ្រប់ពេលវេលា និងវិធានការសុវត្ថិភាពផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ព្រមជាមួយគ្នានោះផងដែរ ក្នុងថ្ងៃចូលឆ្នាំថ្ងៃដំបូងនេះ អាវុធហត្ថរាជធានីភ្នំពេញបានរៀបចំគ្រឿងដង្វាយ សែនទទួលទេវតា និងបានធ្វើអនាម័យបរិស្ថាន បានបាញ់ថ្នាំសម្លាប់មេរោគ ទូទាំងបរិវេណអង្គភាព ទុកដូចជាការបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំថ្មី ឲ្យចេញឆ្ងាយពីអង្គភាព ដោយមានប្រើប្រាស់សម្លៀកបំពាក់ ការពារមេរោគ ដែលទទួលបានពីការឧបត្ថម្ភរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ចាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៥០កំផ្លេ និងទទួលពីបញ្ជាការដ្ឋានយោធា ក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដែលជាដៃគូសម្ព័ន្ធមេត្រីជាមួយអាវុធហត្ថរាជធានីភ្នំពេញ នូវសម្លៀកបំពាក់ ការពារមេរោគ ចំនួន១៥០កំផ្លេ ព្រមជាមួយសម្ភារៈការពារជំងឺឆ្លងជាច្រើនផ្សេងទៀតផងដែរ៕