(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការរំលោភសិទ្ធិ មនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការរំលោភសិទ្ធិ មនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ តែផ្ទុយទៅវិញ ច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏មានតម្លៃក្នុងការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងស្របតាមគោលការណ៍នីតិរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ»។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវពិភាក្សា និងឱ្យយោបល់ដោយព្រឹទ្ធសភា នៅចុងសប្តាហ៍នេះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ច្បាប់នេះ ក៏នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញផង និងជាមូលដ្ឋានគតិយុត្តកំណត់ពីសិទ្ធិអំណាចរបស់រាជរដ្ឋា ភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ដែលមានចរិតជាការហាមឃាត់ ឬការកម្រិតនូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ប៉ុន្តែវិធានការនេះ មានភាពចាំបាច់មិនអាចខ្វះបានដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ ប្រទេសជាតិក្នុងគ្រាអាសន្ន សំដៅការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមឆ្លៀតយកឱកាសនេះ ធ្វើការអំពាវនាវដល់ សាធារណជនទាំងអស់ផងដែរ កុំឱ្យមានការព្រួយបារម្ភពីការរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់នេះ ពោលគឺ សូមមានទំនុកចិត្ត និងការជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ និងការ ទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ដោយហេតុថា ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយឈានទៅការអនុវត្តបញ្ញត្តិនៃច្បាប់នេះ គឺនឹងត្រូវពិចារណាក្នុងករណីដែលចាំបាច់បំផុត ក្នុងគោលដៅការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងអាយុជីវិត សុខភាព ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងសង្គមជាតិទាំងមូល៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖