(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ រស់នៅឃុំឆែបមួយ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ស្របពេលដែលកំពុងជួបប្រទះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ (COVID-19)។ ពិធីប្រគល់អំណោយនេះ ស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
លោក សុខ សាន្តតារ៉ា បានថ្លែងថា៖ «ស្របពេលដែលប្រទេសកម្ពុជារបស់យើងកំពុងជួបប្រទះនូវបញ្ហាប្រឈមនិងជំងឺកូវីដ១៩ ដែលជាជំងឺដ៍កាចសាហាវគ្មានថ្មាំព្យាបាលនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំយកចិត្តទុកដាក់រិះរកគ្រប់មធ្យោបាយទាំងថ្ងៃទាំងយប់ ក្នុងទិសដៅចំបងបំផុតមិនឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺកូវីដ១៩នេះទេ»។
វិធានការដែលរាជរដ្ឋាភិបាលបានអនុវត្តរួមមាន ការចុះអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះឲ្យប្រជាពលរដ្ឋបានយល់ជ្រួបជ្រាប ដើម្បីមានវិធានាការការពារជំងឺកូវីដ១៩ វិធានការបិទការប្រមូលផ្តំ ជួបជុំតាមបារ ខារ៉ាអូខេ បិទសាលារៀន បិទកាស៉ីណូ ក៏ដូចជាឲ្យអាជ្ញាធររាជធានី ខេត្ត ត្រៀមរកទីតាំងដាក់ដោយឡែករយៈពេល១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋមកពីក្រៅប្រទេស។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានបិទពិធីចូលឆ្នាំខ្មែរ ដោយក្នុងនោះ បានបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលបានអនុវត្តចាប់ពីម៉ោង១២យប់ ថ្ងៃទី០៩ខែមេសាដល់់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
លោកអភិបាលស្រុកឆែប បានថ្លែងបញ្ជាក់ទៀតថា ទោះបីជាប្រទេសយើងកំពុងជួបប្រះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាល បានត្រៀមនូវលក្ខណៈបម្រុងសព្វបែបយ៉ាង ដូចជាស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត មិនឲ្យប្រជាពលរដ្ឋមានការខ្វះខាតនោះទេ។ ជាក់ស្តែងថ្ងៃនេះ ដោយអនុវត្តតាមការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត អាជ្ញាធរស្រុកឆែប បានដឹកនាំក្រុមការងារនាំអំណោយរបស់រាជរដ្ឋាភិបាលចែកតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅឃុំឆែបមួយ ឃុំឆែបពីរ ស្រុកឆែប ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកស៉ីអ៉ី១យួរ ទឹកសុទ្ធ១យួរ តង់១និងប្រេងឆា១ដប។
លោក សុខ សាន្តតារ៉ា ក៏បានណែនាំប្រជាពលរដ្ឋ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះ លោកអភិបាលស្រុក និងក្រុមការងារបាននាំអំណោយចែកជូនប្រជាពលរដ្ឋ២នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងបាននាំអំណោយប្រគល់ជូនសមត្ថកិច្ច កំពុងឈរជើងនៅចំណុចអូរចង្ហារ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងផងដែរ៕