(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករានេះ បានចុះពិនិត្យមើលក្នុងការជួសជុលកែលំអ សត្យមុនីចេតិយ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរាជាយស្ម័យយានកម្ពុជា។ ការចុះត្រួតពិនិត្យនេះ គឺដើម្បីលើកសោភណ័ភាពរាជធានីភ្នំពេញឲ្យមានការស្រស់បំព្រង។
ក្នុងការពិនិត្យក្នុងការធ្វើជួសជុលនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំទៅដល់អ្នកជំនាញខាងជួសជុល និងអង្គភាពនៃមន្ទីសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្រ្តីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល មិនឲ្យមានផលប៉ះពាល់ដល់ផ្លូវសាធារណៈ។
លោក ប៉ា សុជាតិវង្ស បន្តឲ្យដឹងបន្ថែមថា ការជួសជុលកែលំអសួននេះគឺដើម្បីសោភ័ណភាពរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតដើម្បីធ្វើឲ្យកន្លែងនេះ ក្លាយជាកន្លែងសំរាប់ជាទីសក្ការៈគោរពទៅដល់ព្រះពុទ្ធ ដែលប្រជាពលរដ្ឋខ្មែរយើងបានប្រកាន់ខ្ជាប់នូវព្រះពុទ្ឋសាសនានោះ។
សាលារាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ពិសេសការកកស្ទះចរាចរក្នុងក្រុង។ សំខាន់មួយទៀតនេះ ក្រោយពីបានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា កន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាសឲ្យសាលារាជធានី កសាងផ្លូវបួនកន្លែងផ្សេងទៀតក្នុងនោះ ផ្លូវក្រោមដីស្តុប BKC ប្រសព្វរវាងផ្លូវសហ ព័ន្ធរុស្សី និងផ្លូវព្រះមុនីវង្ស, ផ្លូវនៅស្តុបផ្សារដីហុយ (ហាណូយ) កសាងស្ពានចុះ ឮក្រោមស្ពានអាកាសក្បាលថ្នល់ និង ផ្លូវ EXPREES WAY ជាដើម។
គួរបញ្ជាក់ថា សួនព្រះសក្យមុនីចេតិយ បានគូរប្លង់រួចហើយ ហើយនឹងចាប់សាងសង់នៅដើមឆ្នាំ២០១៦នេះ ដូច្នេះហើយទើបលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំសហការីចុះទៅពិនិត្យ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្តាប់ធ្នាប់នៅជុំវិញនោះផងដែរ ដើម្បីឲ្យមានលក្ខណៈប្រសើរជាងមុន រួមនឹងសណ្តាប់ធ្នាប់ចំណត សណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ៕