(ភ្នំពេញ)៖ លោកឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុន GM Trading នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយមានអង្ករ និងសម្ភារមួយចំនួន ទៅឧបត្ថម្ភដល់សាលាខណ្ឌព្រែកព្នៅ រដ្ឋបាលសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ដើម្បីយកទៅផ្ដល់ជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ ក៏ដូចជាចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ (Covid-19)។
អំណោយដែលក្រុមហ៊ុន GM Trading បានប្រគល់ជូននៅពេលនោះ រួមមាន សម្រាប់សាលាខណ្ឌព្រែកព្នៅ អង្ករ២តោន ម៉ាស់ចំនួន៥ពាន់ អាល់កុល៥០ដប និងជែល៥០ដប។ ដោយឡែក សម្រាប់រដ្ឋបាលសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ទទួលបាន អង្ករ១តោន ម៉ាស១ពាន់ ជែល៥០ដប និងទឹកអាល់កុល៥០ដប។
លោក ឧកញ៉ា ម៉េន កានី ដែលជាម្ចាស់អំណោយ បានថ្លែងថា ការធ្វើអំណោយនាពេលនេះ ក្នុងបំណងរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រឆាំងនៃការឆ្លងរីរាលដាលនៃមេរោគ COVID-19 ដើម្បីជួយដល់ជនរងគ្រោះ នៅក្នុងមូលដ្ឋាន ស្របពេលដែលជំងឺនេះ កំពុងយារយីយ៉ាងខ្លាំង នៅទូទាំងពិភពលោក។
ម្យ៉ាងទៀត ក៏ជាការចែករំលែកជូនដល់បងប្អូនយើង ក្នុងរដូវចូលឆ្នាំប្រជាពុទ្ធសានិកកម្ពុជា តែងតែធ្វើទានចែករំលែក ជូនដល់អ្នកដែលខ្សត់ខ្សោយ ក្នុងរដូវបុណ្យទាន។ ជាមួយនេះ ក៏ដើម្បីឲ្យអ្នកដែលមានលទ្ធភាព មានជីវភាពធូរធារ ក្នុងសង្គម ឲ្យចេះគិតពិចារណា ពេលខ្លួន យើងមានលទ្ធភាព ត្រូវចេះចែករំលែកដល់អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលនេះ ជាវប្បធ៌មរបស់ដូនតាយើង តាងពីយូរលង់ណាស់មកហើយ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណ ដល់លោក ឧកញ៉ា ម៉េន កានី ដែលមានចិត្តសប្បុរសធម៌ បានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជាអង្ករ និងសម្ភារ ដល់រដ្ឋបាលខណ្ឌព្រែកព្នៅ សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ទុកសម្រាប់ ផ្តល់ជូនដល់ជនក្រីក្រ និងបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជួយដល់ជនរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការជំនួយជាចាំបាច់នៅក្នុងខណ្ឌព្រែកព្នៅ។
លោកបន្តថា អំណោយទាំងនេះ ធ្វើឡើងស្របពេល ដែលសង្គមកម្ពុជា ក៏ដូចបណ្ដាប្រទេសទូទាំងពិភពលោក កំពុងជួបវិប្បត្តិ ដោយសារជំងឺដ៏កាចសាហាវ តាមរយៈការឆ្លងវីរុសកូវីដ១៩។
លោកអភិបាលខណ្ឌ បានចាត់ទុកថា នេះគឺជាកាយវិការដ៏ប្រពៃ និងជាគំរូសម្រាប់ជននានាទាំងឡាយ ដែលទង្វើនេះ ពិតជាបានរួមចំណែក ក្នុងការជួយដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកអាជ្ញាធរក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលផងដែរ ស្របពេលដែលប្រជាពលរដ្ឋ ភាគច្រើនមិនបានចេញ ទៅប្រកបកិច្ចការងារ ដោយសារការភ័យខ្លាចការឆ្លងវីរុស COVID-19 ដ៏កាចសាហាវ៕