(ភ្នំពេញ)៖ យ៉ាងហោចណាស់មានយានយន្តគ្មានស្លាកលេខប្រមាណ ៨០០គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរឃាត់ទុក ពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅសប្តាហ៍ទី១ នៃឆ្នាំ២០១៦នេះ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ យានយន្តគ្មានស្លាកលេខទាំងប្រមាណ ៨០០គ្រឿងនេះ មានរថយន្ត១៣គ្រឿង ក្រៅពីនោះសុទ្ធតែជាម៉ូតូ ដែលត្រូវបានរកឃើញនៅខេត្តចំនួន១៤ ក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតមួយ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា «យើងឃើញថាទី១ ប្រជាពលរដ្ឋមានចំនួនច្រើនលើសលប់ដែលបានចូលរួមគាំទ្រ និងចូលរួមក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារគាត់យល់ ពីសារសំខាន់នៃការអនុវត្តច្បាប់នេះ ជាក់ស្តែងប្រជាពលរដ្ឋបានបង្កលក្ខណៈងាយស្រួល ដល់នគរបាលចរាចរធ្វើប្រតិបត្តិការនៅលើដងផ្លូវ និងបង្កលក្ខណៈឱ្យមន្រ្តីនគរបាលចរាចរ បានធ្វើការត្រួតពិនិត្យនូវរាល់ការស្នើសុំ ដោយមិនមានការគេចវេស, ទី២ យើងក៏សង្កេតឃើញថា ប្រជាពលរដ្ឋក៏មិនបញ្ចេញប្រតិកម្មអ្វី ចំពោះក្រុមប្រតិបត្តិការរបស់យើងទេ ហើយទី៣ យើងឃើញថា ពលរដ្ឋគាត់បានទៅបំពេញបែបបទផ្សេង ដែលនគរបាលតម្រូវឱ្យគាត់ទៅបំពេញ»។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រយៈពេល៧ថ្ងៃមកនេះ មានយានយន្ត ចំនួន ៤៥,២៨០គ្រឿង (ម៉ូតូ ៥៣.៥៩ភាគរយ) បានចូលឱ្យនគរបាលចរាចរទូទាំងប្រទេសត្រួតពិនិត្យ ក្នុនោះមានយានយន្តដែលមានកំហុសមិនគ្រប់គ្រាន់ នគរបាលមិនបានពិន័យ ហើយអប់រំនិងពន្យល់ច្បាប់ ចំនួន ២៤,១០៤គ្រឿង ស្មើ៥៣.២៧ភាគរយ។ ក្រៅពីនោះ មានយានយន្ត ២១,១៥៩គ្រឿង ត្រូវបានផាកពិន័យដែលក្នុងនោះ ពលរដ្ឋដែលបង់ប្រាក់មាន ៧៨.៨៩ភាគរយផងដែរ៕