សហគ្រាសផលិតឱសថ ជា ចំណាន បន្តធ្វើការធម្មតា និងចែកអំណោយដល់កម្មករ និយោជិតទប់ស្កាត់កង្វះខាត ខណៈបច្ចុប្បន្នកំពុងរាតត្បាតកូវីដ១៩
13-04-2020 17:04
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សហគ្រាសផលិតឱសថ ជា ចំណាន បានចែកអំណោយសប្បុរសធម៌ជូនដល់ សហការី និងកម្មករនិយោជិត ដើម្បីចូលរួមចំណែកសម្រាលបន្ទុកជីវភាពខ្លះៗក្នុងពេលកំពុង មានបញ្ហាប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19) ដ៏កាចសហាវ និងជាអំណោយសម្រាប់បងប្អូនទាំងអស់ដែលបានខិតខំរួមចំណែកបំពេញការងារកន្លងមក។
កញ្ញា ជា ធានរ៉ាស៊ី ឱសថការី និងជាតំណាងឱ្យសហគ្រាសផលិតឱសថ ជា ចំណាន ជាសហគ្រាសផលិតឱសថក្នុងស្រុកអស់រយៈពេលជាង១៥ឆ្នាំ ហើយប្រកាន់ខ្ជាប់នូវ គុណភាព អនាម័យ និងសុខភាព បានថ្លែងអំណរគុណចំពោះកម្មករ និយោជិតដែលបានគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺនៅបន្តបំពេញការងារជាធម្មតា។
កញ្ញា ជា ធានរ៉ាស៊ី ក៏បានស្នើសុំ ឱ្យបងប្អូនទាំងអស់គ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅផ្ទះ កុំធ្វើដំណើរចល័ត(ជាបណ្ដោះអាសន្ន) អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន និងសូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬទឹកដែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្ដាស់ជាដើម។
កញ្ញា ជា ធានរ៉ាស៊ី បានបញ្ជាក់ទៀតថា ការនៅបន្តធ្វើការងារក្នុងសហគ្រាសដែលមានអនាម័យ និងសុវត្ថិភាព គឺបងប្អូនទាំងអស់គ្នានឹង សប្បាយចិត្ត ព្រោះដឹងថា មានសុវត្ថិភាពចំពោះខ្លួនឯង ចំពោះសង្គមគ្រួសារ ចំពោះសង្គមការងារ និងសង្គមជាតិ។
ជាចុងក្រោយកញ្ញា ជា ធានរ៉ាស៊ី បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាងគោរាគៈទេវី និងវត្ថុស័ក្តិ សិទ្ធក្នុងលោកទាំងអស់ សូមជួយបីបាច់ថែរក្សាសហការី និង កម្មករនិយោជិតព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យចៀសផុតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ និងសូមឱ្យទទួលបាននូវព្រះពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕