Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងអាល់កុល ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំង COVID-19

13-04-2020 16:59

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភអាល់កុល ចំនួន២០កាន (១កាន ៣០លីត្រ) ទឹកសុទ្ធចំនួន៥០កេស ភេសជ្ជៈចំនួន១០កេស និងថវិកាចំនួន២លានរៀល ជូនលោក សេង ណុង ប្រធានមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងន័យការចែករំលែកនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីត១៩ (COVID-19)។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ការឧបត្ថម្ភនេះ មិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយដែរ ហើយលោកបានសង្កត់ធ្ងន់ថា នឹងមានការឧបត្ថម្ភ ជាបន្តបន្ទាប់ទៀត ជូនដល់មន្ទីពេទ្យបង្អែកខេត្ត នៅពេលណាដែលលោក ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ការឧបត្ថម្ភនេះ គឺក្នុងន័យជួយរំលែកមួយចំណែក របស់មន្ទីពេទ្យបង្អែក ក៏ដូចជាការលើកទឹកចិត្ត ដល់កម្លាំងជួរមុខដូចគ្នា (ពេទ្យ និងកម្លាំងសមត្ថកិច្ច) ក្នុងការប្រយុទ្ធប្រឆាំង នូវការរីករាលដាល នៃមេរោគកូវីត១៩។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៧៧នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៤៥នាក់ ក្នុងចំណោមកូវីដ១២២ករណី គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕