(ភ្នំពេញ)៖ គំនរសំរាមជាច្រើនគរដូចភ្នំ បាននិងកំពុងជះក្លិនអសោចពេញផ្សារបានលុង ស្ទើរតែមិនមានអ្នកហ៊ានចូលផ្សារទៅ ហើយ បែរជាក្រុមហ៊ុនដឹកជញ្ជូនធ្វើមិនដឹងមិនឮ ដើរទារតែលុយពីអាជីវករ។ ទង្វើគ្មានទំនួលខុសត្រូវ របស់ក្រុមហ៊ុនដឹកជញ្ជូន សំរាម របស់លោក ជា គួង បាននាំឲ្យអាជីវករខឹងសម្បាខ្លាំង រហូតធ្វើលិខិតប្តឹងទៅមន្ទីរបរិស្ថានខេត្តរតនគិរី ស្វែងរកកិច្ចអន្តរា គមន៍ឲ្យជួយយកសំរាមចេញពីមុខផ្សារ។
លោក អួង ម៉េងគឹង អាជីវករលក់ដូរខោអាវនៅក្នុងផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី បានត្អូញត្អែរប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះថា សំរាមនៅក្រៅបរិវេណផ្សារបានលុងត្រូវបានក្រុមអាជីវករគរចោលរ យៈពេល ៣-៤ថ្ងៃហើយ មិនឃើញមានរថយន្តចូលមកដឹកនោះឡើយ។ ឥឡូវគំនរសំរាមបានគរដូចភ្នំ ហើយមានក្លិនស្អុយខ្លាំង ថែមទៀត។
លោក ម៉េងគឹង បានបន្តថា រូបគាត់ ក៏ដូចជាអាជីវករដទៃទៀត បាននាំគ្នាពាក់ម៉ាស់បិទច្រមុះបិទមាត់ ដោយសារមិនអាចទ្រាំជា មួយក្លិនស្អុយ។ អាជីវកររូបនេះ ក៏បានរអ៊ូរទាំផងដែរថា ព្រោះតែក្លិនស្អុយចេញពីគំនរសំរាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនសូវ មានប្រជាពលរដ្ឋចូលផ្សារឡើយ។
បើទោះបីជាសំរាមមិនព្រមដឹកចេញយ៉ាងណាក្តី តែក្រុមហ៊ុកដឹកជញ្ជូនសំរាមនេះ មិនបានបញ្ឈប់ការដើរយកលុយឡើយ គឺនៅ បន្តយកលុយពីអាជីវករជារៀងថ្ងៃក្នុងមួយតូប ៥០០រៀល ដែលតម្លៃនេះ ក៏ជាតម្លៃលើសពីសៀវភៅបន្ទុកផងដែរ។
លោក អួង ម៉េងគឹង បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមលោក ជា គួង មកដឹកសំរាមចេញទៅផង ម៉ូយចង់រត់ចេញពីផ្សារអស់ហើយ។ កុំ គិតដើរទារតែលុយការងារគ្មានទំនួលខុសត្រូវនោះ បើធ្វើមិនកើតឲ្យអ្នកដទៃគេធ្វើម្តង»។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ជាម សុផាត ប្រធានផ្សារបានលុង បានប្រាប់ Fresh News ឲ្យដឹងផងដែរថា លោក បានបង់ ថ្លៃដឹកសំរាមជូនក្រុមហ៊ុនចំនួន ៣លានរៀលជារៀងរាល់ខែ ហើយការមិនចូលដឹកសំរាមរបស់ក្រុមហ៊ុន លោកក៏មិនទាន់ដឹងថា មានបញ្ហាអ្វីនោះដែរ ។ បើតាមលោក ជាម សុផាត បានអះអាងថា លោកបានទាក់ទងក្រុមហ៊ុនរួចហើយ តែក្រុមហ៊ុនឆ្លើយថា រថ យន្តខូច។
ក្រុមអាជីវករ បានលើកឡើងថា ហេតុផលរបស់លោក ជា គួង ប្រធានក្រុមហ៊ុនដឹកជញ្ជូនសំរាម មិនសមហេតុផលឡើយ ហើយ វាគ្រាន់តែជាលេសប៉ុណ្ណោះ។ ក្រុមហ៊ុន ដែលរកស៊ីដឹកសំរាមនៅទូទាំងក្រុងបានលុងមួយនេះ មិនមែនមានរថយន្តតែមួយនោះទេ គឺមានរថយន្តរហូតដល់ទៅ ៥គ្រឿងឯណោះ។ តើរថយន្តទាំង ៥គ្រឿងនេះ ត្រូវខូចទាំងអស់ឬ? «ចម្លើយដោះសារនេះ មិនឡូហ្ស៊ិ កសោះ»។
បើតាមក្រុមអាជីវករក្នុងផ្សារបានលុងបានឲ្យដឹងថា ភាពព្រងើយកន្តើយរបស់ក្រុមហ៊ុនលោក ជា គង ក្នុងការដឹកជញ្ជូនសំរាមនេះ វាមិនមែនជាលើកទីមួយឡើយ គឺបានកើតមានជាច្រើនដងមកហើយតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ភាពព្រងើយកន្តើយនេះ ដោយ សារតែលោក ជា គួង អាងថា ខ្លួនត្រូវដងត្រូវផ្លែជាមួយអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ដូច្នេះបើទោះបីលោកមានភាព ចន្លោះប្រហោងក្នុងរឿងដឹកជញ្ជូនសំរាមនេះ ក៏គ្មាននរណាហ៊ានថាអីឲ្យលោកនោះដែរ។
អង្គភាព Fresh News បានព្យាយាមទាក់ទៅលោកអភិបាលក្រុងបានលុង អ៊ុក សំអុល និងលោក ជា គួង ផងដែរ តែមិនទូរស័ព្ទ មិនមានអ្នកទទួល។
លោក ជូ សុភក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ថា លោកបានទទួលលិខិតសុំកិច្ចអន្តរាគមន៍ពីអាជីវករហើយនៅព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ហើយលោកកំពុងទាក់ទងទៅអាជ្ញាធរក្រុងបានលុង ដើម្បីដោះស្រាយលើបញ្ហានេះផងដែរ។
លោក ជូ សុភក្រ្ត ក៏បានរិះគន់ទៅលើក្រុមហ៊ុនទទួលម៉ៅការប្រមូលសំរាមរបស់លោក ជា គួង ផងដែរថា ហាក់មានភាពរឹងទទឹង និងលំបាកនិយាយគ្នាក្នុងរឿងប្រមូលសំរាមនេះ៕