(ភ្នំពេញ)៖ លោក ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានថ្លែងសារសំណូមពរដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក ហ៊ុន ម៉ានី បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា៖ «សូមបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធិ ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនដល់បងប្អូន ប្រជាជនកម្ពុជាសូមបានសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ឈានចូល២៥៦៤។ សូមបងប្អូនទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងគ្រប់ក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល ៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។ សម្តេចតេជោ បានលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់ គឺប្រជាពលរដ្ឋខ្លួនឯង។
សម្រាប់ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ.ស ២០២០ ត្រូវចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ម៉ោង៨៖៤៨នាទីយប់។ ទេវតាឆ្នាំថ្មីនេះ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អនៅព្រះកាណ៌ ដោយផ្កា «អង្គារបុស្ស» អភរណៈ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់អង្គុយបើកពញរះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្តេចខ្លា) ជាពហនៈ៕