(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ស្ត្រីម្នាក់ និងក្រុមគ្រួសាររបស់នាង ក្រោយជនសង្ស័យរូបនោះ ប្រើល្បិចលួងលោមសុំស្នេហ៍ និងសន្យាចូលស្តីដណ្តឹងរៀប ការតាមប្រពៃណី តែមិនចូលស្តីដណ្តឹង ថែមទាំងខ្ចីលុយជាង១ពាន់ដុល្លារ ហើយគេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជនសង្ស័យបោកយកលុយអស់ ១៥០ដុល្លារ ចំណែកបងស្រីរបស់នាងឈ្មោះ សុខ ណាវី អាយុ២៩ឆ្នាំ ត្រូវជនសង្ស័យបោកលុយអស់ ៧០០ដុល្លារ និងម្តាយឈ្មោះ ប៉ូង សុផល អាយុ៥២ឆ្នាំ ត្រូវជនសង្ស័យបោកលុយអស់ ៧០០ដុល្លារផងដែរ។ ដោយឡែកជនសង្ស័យ ឈ្មោះ សំ សំណាង ហៅរ័ត្ន អាយុ៣០ឆ្នាំ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងឡើងរូបនាង និងជនសង្ស័យ ច្រឡំលេខទូរស័ព្ទ ក៏ភ្ជាប់ទំនាក់ទំនងសាសងស្នេហ៍ជាមួយគ្នា ដោយជនសង្ស័យធ្លាប់បានទៅលេងដល់ផ្ទះស្ត្រីរងគ្រោះផងដែរ និងបានប្រាប់ម្តាយឪពុក និងបងស្រី ថាខ្លួននឹងចូលស្តីដណ្តឹង នារីរងគ្រោះរៀបការពេញច្បាប់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ។ ប៉ុន្តែក្នុងអំឡុងពេលស្គាល់គ្នានេះ ជនសង្ស័យតែងតែ រអ៊ូជួបបញ្ហាការងារជារឿយៗ ដោយខ្ចីលុយរបស់ក្រុមគ្រួសារនារីរងគ្រោះតែរហូត។
លុះដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះ និងក្រុមគ្រួសាររង់ចាំ ជនសង្ស័យចូលស្តីដណ្តឹង តែមិនឃើញចូលក៏កើតក្តីសង្ស័យ និងបានដឹងខ្លួនថា ចាញ់បោកជនល្មើស ក៏ដាក់ពាក្យបណ្តឹង ឲ្យគនគរបាលជួយអន្តរាគមន៍ និងឈានដល់ឃាត់ខ្លួន ជនសង្ស័យនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ នៅចំណុចហាងកាហ្វេ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យតែម្តង៕
ច្រឡំលេងទូរស័ព្ទ ចាប់ផ្តើមលួងលោមស្នេហ៍ ប្រើល្បិចបោកយកលុយស្ត្រីជាសង្សារ អស់លុយជាង១ពាន់ដុល្លារ សមត្ថកិច្ចចាប់ជាប់
Posted by Sheet on Thursday, January 7, 2016