(ភ្នំពេញ)៖ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល កំពុងប្រឈមនឹងការរីករាលដាលនៃមេរោគកូវីដ១៩។ ចំពោះមុខបញ្ហានេះ ដើម្បីកាត់បន្ថយកង្វល់របស់មាតា បិតាសិស្ស សាលា CIA FIRST នៅតែបន្តបានការបង្រៀនសិស្សានុសិស្សពីចម្ងាយ (E-Learning) តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CIA FIRST។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ CIA FIRST ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សាលា បានបំពាក់ប្រព័ន្ធបង្រៀនពីចម្ងាយ (E-Learning) បែបនេះ តាំងពីឆ្នាំ២០១៥ ដែលមានគុណភាពទទួលស្គាល់ ជាលក្ខណៈអន្តរជាតិដោយស្ថាប័ន WASC (Western Association of Schools and Colleges)។

សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ពិតមែនហើយ ការប្តូរមកសិក្សាតាមអនឡាញនៅផ្ទះរៀងៗខ្លួន ជាលើកទី១បែបនេះ អាចធ្វើឲ្យមាតាបិតា និងសិស្សានុសិស្ស មានការយល់ឃើញផ្សេងៗគ្នា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះជាការខិតខំប្រឹងប្រែងរបស់សាលា ដើម្បីធានានិរន្តរភាពនៃការសិក្សាក្នុងឆ្នាំសិក្សា ២០១៩-២០២០ ក៏ដូចជា ការឆ្លើយតបទៅនឹង សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពី ការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដោយគ្រឹះស្ថានសិក្សា ឯកជនគ្រប់កម្រិត។

លើសពីនោះទៀត ក្រសួងអប់រំ ក៏បានណែនាំ និងលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជំរុញ និងត្រួតពិនិត្យឲ្យកូនចៅ ធ្វើការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក តាមប្រតិទិនដែលគ្រឹះស្ថាន សិក្សាបានកំណត់ និងត្រូវជំរុញការធ្វើស្វ័យសិក្សានៅតាមផ្ទះ ដើម្បីកុំឲ្យកូនទៅកន្លែងមួយចំនួន ដែលប្រឈម នឹងការឆ្លងខ្ពស់។

គូសបញ្ជាក់ថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្ដីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។

សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងអប់រំ សូមលើកទឹកចិត្តឲ្យគ្រឹះស្ថានសិក្សាឯកជន លើកកម្ពស់ការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្ស អាចបន្តការសិក្សា និងកាត់បន្ថយហានិភ័យ ដែលសិស្សនិស្សិតអាចនឹងប្រឈមមុខ នៅពេលដែលគេទៅជួបជុំនៅកន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩៕