(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា ASEAN នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងសារដល់ពលរដ្ឋកម្ពុជា ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈដែលពិធីនេះត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ។
ASEAN បានសរសេរសារ ដែលមានអត្ថន័យជាខេមរភាសាថា៖ «សួស្តីឆ្នាំថ្មីបងប្អូនកម្ពុជាទាំងអស់គ្នា! ចូលឆ្នាំថ្មី ត្រូវបានប្រារព្ធឡើងអំឡុងពេល៤ថ្ងៃ។ ឆ្នាំនេះ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តលុបចោលពិធីធំៗមួយចំនួន របស់ពិធីបុណ្យចូលឆ្នាំថ្មី ដោយសារដើម្បីកាត់បន្ថយការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែពលរដ្ឋកម្ពុជា នៅតែអាចចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅតាមផ្ទះរៀងៗខ្លួន ដោយរៀបចំគ្រឿងរណ្តាប់ សម្រាប់ទទួលទេវតាឆ្នាំថ្មីបានដដែល។ សម្រាប់កូនចៅដែលជាពលរដ្ឋកម្ពុជា, ពួកគេអាចងូតទឹកឲ្យឪពុកម្តាយ និងយាយតា ដែលគេហៅថា ពិធីស្រង់ព្រះ ក្នុងនាមជាកិច្ចសងគុណ ដើម្បីទទួលបានពរជ័យពីពួកគាត់វិញ»។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ.ស ២០២០ ត្រូវចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ម៉ោង៨៖៤៨នាទីយប់។ ទេវតាឆ្នាំថ្មីនេះ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អនៅព្រះកាណ៌ ដោយផ្កា «អង្គារបុស្ស» អភរណៈ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់អង្គុយបើកពញរះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្តេចខ្លា) ជាពហនៈ។
ពិធីធំៗចំនួន ៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីនោះ រួមមាន៖
*ថ្ងៃទី១៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។
*ថ្ងៃទី២៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ។
*ថ្ងៃទី៣៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ ហើយជាទូទៅមានការងូតទឹក ឲ្យឪពុកម្តាយ និងយាយតា នៅតាមផ្ទះនីមួយផង)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
ទោះជាយ៉ាងណា សម្រាប់ឆ្នាំនេះ ពិធីធំៗទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ថែមទាំងបានសម្រេចដាក់បំរាម មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក ៥ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិ វិលត្រឡប់មកកាន់ស្ថានភាពធម្មតា គ្មានជំងឺកូវីដ១៩៕