(សៀមរាប)៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះថា ដោយសារភ្លៀងធ្លាក់លាយឡំ នឹងខ្យល់បក់ខ្លាំងផងនោះ បានធ្វើឱ្យបាក់រលំដើមឈើមួយចំនួននៅប្រាសាទតាព្រហ្ម តែមិនបានបណ្ដាលឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធរបស់ប្រាសាទនោះឡើយ។
លោក ឡុង កុសល បានបន្តថា ក្រោយទទួលបានដំណឹងខាងលើនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក៏បានម្នីម្នាចុះអាកាត់យកដើមឈើដែលបាក់រលំទាំងនោះចេញភ្លាមៗ ដើម្បីកុំឱ្យគងលើថ្ម-ប្រាសាទយូរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បានបញ្ជាក់ដែរថា កន្លងមក ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានត្រួតពិនិត្យ និងកាត់ក្រីដើមឈើនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតាមប្រាសាទបុរាណនានានោះជាប្រចាំមកហើយដែរ ប៉ុន្តែដោយសារយប់មិញខ្យល់បក់ខ្លាំងពេក ក៏បណ្ដាលឱ្យដើមឈើទាំងនោះបាក់រលំតែម្ដងទៅ៕