(ភ្នំពេញ)៖ ក្រុមអាជីវករ លក់ដូរនៅផ្សារអូរឫស្សី បានដង្ហោយស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំឲ្យជួយពួកគាត់ផង ក្រោយពេលដែលថៅក្រុមហ៊ុន Grand Construction លោក លឹម ហេង បានប្តឹងទៅតុលាការ ហើយចុះមករឹបអូសយកតូបរបស់ខ្លួន ដែលជាម្ចាស់កម្មសិទ្ធិតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ នៅផ្សារអូរឬស្សី គណៈកម្មការចំរុះរបស់ សាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានចុះមកអនុវត្ត ដីកាសម្រេចរឹបអូសសិទ្ធិទាមទារឲ្យប្រគល់ របស់កូនបំណុល នៃការអនុវត្តលេខ 961 ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេច រឹបអូសសិទ្ធិទាមទារឲ្យ ប្រគល់អចលនវត្ថុរបស់កូនបំណុល នៃការអនុវត្តលើតូបលេខ ង21(1) , ង21(2), ង20, គ៧ ដែលមានទីតាំងនៅជាន់ផ្ទាល់ដីផ្សារអូរឬស្សី ដែលមានឈ្មោះ សោម វ៉ាន់ថា, ស៊ិន ហាន, សាន លុច, លឹម ឡាន ដែលកំពុងកាន់កាប់អចលនវត្ថុខាងលើ ដើម្បីប្រគល់ឲ្យម្ចាស់បំណុលនៃការអនុវត្ត ក្រុមហ៊ុន GCD ដែលមានលោក លឹម ហេង ជាប្រធាន តំណាងដោយលោក លឹម ចាន់ឌឿន ។
ក្រុមអាជីវករ បាននិយាយប្រាប់អង្គភាព Fresh News ថា តូបរបស់ពួកគាត់ គឺបានទិញ តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះដោយលក់ដូរជាធម្មតា ស្រាប់តែនៅឆ្នាំ២០១៥ ក៏មានដីកាឲ្យអនុវត្តនេះតែម្តង ដែលប្តឹងដោយលោក លឹម ហេង ដែលធ្វើឲ្យពួកគាត់ជំទាស់ ពីព្រោះបើអស់តូបលក់ដូរ តើឲ្យរស់យ៉ាងដូចម្តេច ដូច្នេះមានតែសម្តេចតេជោ ហ៊ុន សែន ទេដែលអាចជួយអន្តរាគមន៌បាន។
បើតាមក្រុមអាជីវករ កាលពីពេលកន្លងទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានសរសេរលិខិតទៅសម្តេចក្រឡាហោម ស ខេង ឲ្យជួយពិនិត្យ និងអន្តរាគមន៌ករណីនេះដែរ តែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
អាជីវករបានសំណូមពរផ្អាកការអនុវត្តន៍សិន រង់ចាំដោះស្រាយបណ្តឹងជំទាស់ តាមមាត្រា៣០៥ ក្រមនីតិវិធីរដ្ឋបវេណី ហើយពួកគាត់ចោទថា ការចុះមកអនុវត្តនេះ គឺខុសទាំងស្រុង ពីព្រោះពួកគាត់បានប្តឹងជំទាស់ និងប្តឹងឧទ្ធរណ៌ប៉ុន្តែបែរជានៅអនុវត្តទៀត៕