(ភ្នំពេញ)៖ ការដោះស្រាយចរាចរណ៍នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនឹងមហាវិធីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) នឹងអាចដោះស្រាយបាននូវចរាចរណ៍៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ដកយកការ៉ាសសាំងសូគីមិចនៅចំណុចច្រមុះជ្រូកក្បាលថ្នល់នេះចេញ។
នេះបើតាមការបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរ លើបញ្ហាចរាចរណ៍នៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងផ្លូវសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ខណៈដែរផ្លូវនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
លោកក៏បានបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍នឹងយកការ៉ាសសាំងសូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលនេះ អាចសម្រួលការដោះស្រាយបញ្ហាចរាចរណ៍បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថា ក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង៕