(កណ្ដាល)៖ ថ្នាក់ដឹកនាំខេត្តកណ្ដាលរួមមានលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចុះពិនិត្យនៅតាមទីតាំងផ្លូវជាតិទាំងអស់រៀងៗខ្លួន រយៈពេល ៣ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ពិសេសបានណែនាំពលរដ្ឋដែលចង់ទៅស្រុកពី ផលវិបាកផ្សេងៗ ពីជម្ងឺនេះកើតឡើង ពិសេសហាមឃាត់ការជួបជុំណាមួយ ដើម្បីបញ្ជៀសការឆ្លងជាសហគមន៍អំឡុងពេលចូលឆ្នាំនេះ ខណៈរាជរដ្ឋាភិបាលប្រកាសមិនឱ្យឈប់សម្រាក និងមិនឱ្យត្រឡប់ទៅស្រុកនោះឡើយ។
គេសង្កេតឃើញឃើញថ្នាក់ដឹកនាំខេត្ត បានខ្នះខ្នែងចុះទាំងយប់ទាំងថ្ងៃទៅដល់ព្រំប្រទល់ខេត្តទាំងអស់ ដែលជាប់នឹងខេត្តកណ្ដាលមិនថា ភ្លៀងខ្យល់រងាក្ដៅនោះទេ ពោលគឺថ្នាក់ដឹកនាំ បានព្យាយាមចុះទៅណែនាំ បងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់ថយក្រោយចូលមកភ្នំពេញវិញ ជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយ ដើម្បីឱ្យពលរដ្ឋយើងយល់ពីវិធានការការពារនេះ។
យ៉ាងណានោះគេសង្កេតឃើញថា ពលរដ្ឋយើងមួយចំនួនធំ បានគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ហើយពលរដ្ឋខ្លះមិនបានទៅស្រុកនោះឡើយ ខណៈពួកគេច្រើនលើសលប់ នៅតែបន្តធ្វើការ មិនទៅស្រុកនោះទេ ដែលនេះជាការចូលរួមទប់ស្កាត់វីរុសកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ខណៈអ្នកខ្លះក៏នៅតែលួចទៅស្រុកផងដែរ។
ទន្ទឹមនឹងការសម្រេចចិត្តរបស់ពលរដ្ឋ រាជរដ្ឋាភិបាលក៏បានចេញសារាចរណ៍ណែនាំដល់បណ្ដាកម្មករ-កម្មការនីផងដែរ នៅគ្រាដែលពួកគេត្រលប់មកពីស្រុកវិញ ត្រូវរក្សាពួកគាត់នៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃសិន ខណៈប្រាក់បៀវត្សពុំត្រូវបានទូទាត់សំរាប់ពួកគាត់ឡើយអំឡុងពេលស្នាក់នៅ។
ទន្ទឹមនេះផងដែរ គេក៏សង្កេតឃើញថ្នាក់ដឹកនាំខេត្តកណ្ដាល ពោលគឺលោក គង់ សោភ័ណ្ឌ ក៏បានចុះទៅតាមទីតាំងស្រុកមួយចំនួននៃខេត្តកណ្ដាល ដោយបានរៀបចំអគារ សម្រាប់ផ្ទុកមនុស្សរួចជាស្រេចផងដែរ៕